ដោយៈ សុផារី
ភ្នំពេញៈ ស្របពេលវិស័យបច្ចេកវិទ្យា នៅលើពិភពលោកមានកំណើនកាន់តែខ្លាំង កម្ពុជាក៏បាននិងកំពុងពង្រឹងវិស័យនេះ លើកឡើងពីផែនការ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនផងដែរ។
ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី២៥ ឧសភា កន្លងទៅនេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីការ កើនឡើងយ៉ាងឆាប់រហ័ស នៃពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល នៅជុំវិញពិភពលោក ជាពិសេសក្នុងអំឡុងពេលជំងឺរីករាលដាលកូវីដ-១៩ ។
លោកបានមានប្រសាសន៍ថា “ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាពសម្រាប់វិស័យផ្សេងទៀតផងដែរ”។
លោកប៉ាន សូរស័ក្តិបានបន្តថា ក្នុងវត្ថុបំណងជំរុញនវានុវត្តន៍ និងការបើកចំហពាណិជ្ជកម្ម សេវាក្នុងវិស័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ អនុវត្តក្របខណ្ឌនិងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ បង្កើតបញ្ជរតែមួយជាតិ និងអាស៊ាន បង្កើតច្រកផ្លាស់ប្ដូរទិន្នន័យនិងព័ត៌មានរវាងរដ្ឋាភិបាល និងវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុ បង្កើតផ្សារអេឡិចត្រូនិកសម្រាប់ទំនិញនិងសេវាកម្ម។
លោកក៏បានលើកឡើង អំពីបញ្ហាប្រឈមមួយចំនួនរបស់កម្ពុជាផងដែរ ដែលមានដូចជា ក្របខណ្ឌច្បាប់គតិយុត្ត យន្ដការសម្រាប់ការអនុវត្ត និងសម្របសម្រួល Fintech និងការបង្កើតផែនទីបង្ហាញផ្លូវនៃគោលនយោបាយ fintech ។
លោកបញ្ជាក់ប្រាប់ទៅកាន់វិនិយោគិនអន្តរជាតិជាច្រើន ដែលបានចូលរួមក្នុងវេទិកានោះថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការទាញយកប្រយោជន៍ជាអតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន និងច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងបង្កើតសមត្ថភាពផលិតកម្ម ក្នុងវិស័យសេវា និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម ដែលប្រជាពលរដ្ឋអាចទទួលបាននូវ ផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពទុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយរក្សាបានូវអត្តសញ្ញាណនិងវប្បធម៌ជាតិខ្លួន ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៦ ឧសភានេះ រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសជាសេនាធិការ ឱ្យក្រុមការងាររៀបចំសេចក្ដី ព្រាងគោលនយោបាយអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ៕