កិច្ចព្រមព្រៀងជៀសវាងពន្ធត្រួតស៊ីគ្នារវាងកម្ពុជា និងឥណ្ឌូនេស៊ី អាចនឹងចូលជាធរមាននៅដើមឆ្នាំក្រោយ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូនេស៊ីបានឈានដល់កិច្ចព្រមព្រៀងស្តីពីការជៀសវាងពន្ធត្រួតស៊ីគ្នា (DTA) ដែលរំពឹងទុកជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារ (GDT) ក្នុងសប្តាហ៍នេះ។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ប្រសិនបើនីតិវិធីអនុម័តដែលនៅសល់ត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០២០ នោះ កិច្ចព្រមព្រៀងជៀសវាងពន្ធត្រួតស៊ីគ្នានេះ អាចនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងការពារប្រជាជននៃប្រទេសទាំងពីរពីការយកពន្ធត្រួតស៊ីគ្នា ហើយសង្ឃឹមថា វានឹងជំរុញការវិនិយោគទ្វេភាគី។

អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមទៀតថា យោងតាមមាត្រា ២៩ ស្តីពីការជៀសវាងពន្ធត្រួតស៊ីគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីថ្មីៗនេះបានជូនដំណឹងដល់រដ្ឋាភិបាលកម្ពុជាថា ខ្លួនបានបំពេញនីតិវិធីផ្ទៃក្នុង ដែលតម្រូវសម្រាប់ការចូលជាធរមាន។

កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលដល់ការវិនិយោគរវាងប្រទេសទាំងពីរ ហើយនឹងជួយជំរុញការវិនិយោគរបស់ឥណ្ឌូនេស៊ីមកក្នុងប្រទេសកម្ពុជា។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូនេស៊ីបានកើនឡើងដល់ជាង ៧៩២ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៤៥.៧៥ ភាគរយ បើធៀបនឹង ៥៤៣ លានដុល្លារក្នុងឆ្នាំ ២០១៨ ។

ព្រះរាជាណាចក្រកម្ពុជាបាននាំចេញផលិតផលមានតម្លៃប្រហែល ២២,៣២ លានដុល្លារទៅកាន់ទីផ្សារឥណ្ឌូនេស៊ីកាលពីឆ្នាំមុនកើនឡើង ៣,៩៦ ភាគរយពីឆ្នាំ ២០១៨ និងនាំចូល ៧៧០ លានដុល្លារកើនឡើង ៤៧,៤៦ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here