អាមេរិកគ្រោងដកក្រុមហ៊ុនចិនធំៗប្រមាណ ៨០ ចេញពីផ្សារហ៊ុនរបស់ខ្លួន

ដោយៈសុខុម

អន្តរជាតិ: គណៈកម្មការមូលបត្រអាមេរិក ហៅកាត់ថា SEC បានដាក់បញ្ចូលបន្ថែមក្រុមហ៊ុនជាង៨០ ទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុន ដែលអាចប្រឈមការបណ្តេញចេញពីផ្សារភាគហ៊ុនអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា។

គណៈកម្មការមូលបត្រអាមេរិក បានបញ្ចូលបន្ថែមក្រុមហ៊ុនទាំងនេះទៅក្នុងបញ្ជីខ្មៅរបស់កាលពីថ្ងៃពុធ ទី៤ ខែឧសភា ក្រោមច្បាប់ចាប់បង្ខំក្រុមហ៊ុនមេឱ្យទទួលខុសត្រូវ (The Holding Foreign Companies Accountable Act)។

ក្រុមហ៊ុនចិន ចុះបញ្ជីនៅសហរដ្ឋអាមេរិក ជាច្រើនដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅនេះរួមមានដូចជាក្រុមហ៊ុន JD.com ក្រុមហ៊ុន Pinduoduo ក្រុមហ៊ុន Bilibili ក្រុមហ៊ុន NetEase ក្រុមហ៊ុន JinkoSolar Holding ក្រុមហ៊ុន NIO និងក្រុមហ៊ុន China Petroleum & Chemical ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ច្បាប់ដែលប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាឱ្យចូលជាធរមានក្នុងឆ្នាំ២០២០ ខាងលើនេះនឹងដក ឬបណ្ដេញក្រុមហ៊ុនបរទេសចេញពីផ្សារភាគហ៊ុនអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះ មិនអនុវត្្តន៍តាមស្តង់ដារសវនកម្មរបស់សហរដ្ឋអាមេរិក រយៈពេល៣ឆ្នាំជាប់គ្នា។

ប្រភពបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែមុនថា ក្រុមនិយតករចិន បានស្នើឱ្យក្រុមហ៊ុនចិន មួយចំនួនដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក រួមមានទាំង Alibaba ក្រុមហ៊ុន Baidu និងក្រុមហ៊ុន JD.com ជាដើមត្រៀមខ្លួន សម្រាប់ការបង្ហាញលទ្ធផលសវនកម្មបន្ថែមទៀត។

ប្រទេសចិន កាលពីដើមខែមេសា ក៏បានស្នើឱ្យកែប្រែវិធានស្ដីពីការរក្សាការសម្ងាត់ ទាក់ទិនការចុះបញ្ជីក្រុមហ៊ុនចិន នៅក្រៅប្រទេសផងដែរ ដើម្បីការពារការណ៍សម្ងាត់របស់ជាតិរបស់ប្រទេស៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here