សហរដ្ឋអាមេរិក​បាន​ក្លាយជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា ខណៈ​ទំហំ​នៃ​ការនាំចេញ​កើន​ដល់ ៣៤០០លាន​ដុល្លារ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​កើន​ដល់​ទំហំ​ទឹកប្រាក់ ៣៥៧០លាន​ដុល្លារ ក្នុង​រយៈពេល៧ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង១៧ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​ស្ថិតិ​សហរដ្ឋអាមេរិក​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ។

របាយការណ៍​បាន​បង្ហាញថា​ចាប់ពី​ខែមករា ដល់​ខែកក្កដា​បាន​បង្ហាញថា ការនាំចេញ​របស់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក មានតម្លៃ​ដល់ ៣៤០០លាន​ដុល្លារ កើនឡើង ២៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​កាលពី​ដើមខែ​នេះ​ថា “យើង​បង្ហាញ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​យើង ដែល​កំពុងមាន​ការរីក​ចម្រើន​ឡើង នៅក្នុង​ខែ​អបអរ​ពាណិជ្ជកម្ម និង​ការវិនិយោគ” ។ លោក​បន្តថា “បើ​យើង​ក្រឡេកមើល​ល្បឿន នៃ​ការ​ចម្រើន​ឡើង​នៃ​ទំនាក់ទំនង​នេះ វា​គួរ​ឲ្យ​កត់សម្គាល់។ គ្រាន់តែ​កាលពី ២០ ឆ្នាំមុន​សោះ ពាណិជ្ជកម្ម​ទ្វេភាគី​មាន​បរិមាណ៨៥០លាន​ដុល្លារ។ គ្រាន់តែ​កាលពី​ឆ្នាំទៅ វា​បាន​ឡើងដល់៥,៩ ពាន់​លាន​ដុល្លារ គឺ​កើន៧ដង” ។

ពាណិជ្ជកម្ម ពិសេស​លទ្ធភាព​ចូលទៅក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក បានផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​យ៉ាងច្រើន ក្នុងពេល​រាប់​ឆ្នាំ​មកនេះ។ សហរដ្ឋអាមេរិក គឺជា​គោលដៅ​នាំចេញ​ធំជាងគេ​របស់​ប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ២០១៩ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក ក្នុងតម្លៃ ៥,៤ ពាន់​លាន​ដុល្លារ។

លោក Patrick បាន​និយាយថា “ទោះបីជា​ពេលនេះ មាន​មេរោគ​រាតត្បាត​ជា​សាកល​ក្តី ក៏​ការនាំចេញ​មាន​កំណើន​ចំនួន២៣ភាគរយ​ដែរ ក្នុង​ឆ្នាំ២០២០នេះ” ។ លោក​បន្តថា “ការនាំចេញ​នេះ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា រាប់ម៉ឺន​នាក់​មានការ​ងារ​ធ្វើ រាប់​ពី​ការងារ​តាម​រោងចក្រ​នៅ​ក្រុងព្រះសីហនុ និង​ក្រុង​បាវិត ដល់​កសិករ​នៅ​ខេត្តបាត់ដំបង និង​កំពង់ចាម ដល់​អ្នកជំនាញ​ព័ត៌មាន​បច្ចេកវិទ្យា នៅ​ភ្នំពេញ។ ការនាំចេញ​ទាំងនេះ​មាន​ចំណែក​យ៉ាងសំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​ដ៏​ច្រើន​របស់​កម្ពុជា” ។

ការនាំចេញ​របស់​កម្ពុ​ជា ថែមទាំង​ផ្តល់​ការ​ចំណេញ ដល់​អតិថិជន​អាមេរិក​ផងដែរ ដោយ​ផ្តល់​ឲ្យ​នូវ​ជម្រើស។ ពេលនេះ​មាន​ទំនិញ​ពី​កម្ពុជា នៅក្នុង​ហាង​ក្នុង​សហរដ្ឋអាមេរិក​ច្រើនជាង​ពេលណា​ទាំងអស់។ ទំនិញ​ទាំងនេះ មាន​មិន​ត្រឹមតែ​សម្លៀកបំពាក់ និង​ស្បែកជើង​តែប៉ុណ្ណោះ​ទេ  តែ​ថែមទាំង​មាន​ផលិតផល​កសិកម្ម ដែល​បានទទួល​រង្វាន់ ដូចជា​ម្រេច​កំពត និង​អង្ករ​កម្ពុជា។

លើសពីនេះ​ទៀត លោកអ្នក​អាច​ឃើញ​មាន​ទំនិញ សម្រាប់​ការធ្វើដំណើរ​ដែល​ធ្វើ​នៅ​កម្ពុជា មាន​លក់​កាន់តែ​ច្រើនឡើង​នៅក្នុង​សហរដ្ឋអាមេរិក។

លោក​ឯកអគ្គរដ្ឋទូត​បាន​បន្តថា ទំនិញ​សម្រាប់​ការធ្វើដំណើរ គឺជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយ។ បន្ទាប់ពី​សហរដ្ឋអាមេរិក បានផ្តល់​ការលើកលែង​ពន្ធគយ ដល់​ទំនិញ​សម្រាប់​ការធ្វើដំណើរ នៅ​ឆ្នាំ២០១៦  នៅក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ ផ្តល់​ការអនុគ្រោះ​ទូទៅ (GSP) ទំនិញ​សម្រាប់​ការធ្វើដំណើរ​ដែល​នាំ​ចេញពី​កម្ពុជា មានតម្លៃ​កើន​ពី៥០លាន​ដុល្លារ​ដល់​ជិត១ពាន់​លាន​ដុល្លារ” ។

គិត​ត្រឹម​ខែកក្កដា ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ មានតម្លៃ៦៤៩លាន​ដុល្លារ​ទៅ​សហរដ្ឋអាមេរិក ខណៈ​បាន​នាំចូល​ទំនិញ មានតម្លៃ​ត្រឹមតែ២៥លាន​ដុល្លារ​ពី​អាមេរិក។

ផលិតផល​នាំចេញ​សំខាន់​របស់​កម្ពុជា រួមមាន វាយ​ន​ភណ្ឌ ស្បែកជើង ទំនិញ​ធ្វើដំណើរ និង​ផលិតផល​កសិកម្ម ខណៈដែល​ការនាំ​ចូលរួម​មាន​យានយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន។

កាលពី​ឆ្នាំមុន ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ មាន​ទំហំ​ទឹកប្រាក់៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង៣៧ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here