លោក​ឧកញ៉ា​បណ្ឌិត​គឹម ហ៊ាង លើកឡើង​ពី​ដំណើរ​វិវត្តន៍​នៃ​ផ្នែក​មួយចំនួន​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា

ដោយៈ វណ្ណា​រ៉ា

ភ្នំពេញៈ នៅក្នុង​រយៈពេល​ជាង១ឆ្នាំ​ចុង​ក្រោយនេះ ទីផ្សារ​ដី​ឡូ​តិ៍​ដែល​ស្ថិតនៅតាម​តំបន់​ជាយក្រុង​នានា ត្រូវបាន​គេ​មើលឃើញថា​មានការ​ធ្លាក់ចុះ ដែល​បណ្តាលមកពី​បញ្ហា​មួយចំនួន ជាពិសេស​ការកើតមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​នៃ​ការ​រាតត្បាត​ជំងឺឆ្លង។

លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ KW Cambodia និង​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Real Estate បាន​មានប្រសាសន៍​កាល​ពេល​កន្លងទៅថ្មីៗនេះ​ថា នៅក្នុង​រយៈពេល​ជាង១ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ប្រឈម​ទៅនឹង​ស្ថានភាព​ដែល​គួរឱ្យ​ព្រួយបារម្ភ ដែល​ក្នុង​ទីផ្សារ​ខុន​ដូ អា​ផាត​មិន ផ្សារ​ទំនើប ការិយាល័យ​ជួល ក៏ដូចជា​ទីផ្សារ​ដី​ឡូ​តិ៍​ដែល​ធ្លាប់​តែមាន​ប្រជាប្រិយភាព​ជាងគេ​ក៏ត្រូវ​ធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បញ្ជាក់ថា “ពីមុន​ទីផ្សារ​ដី​ឡូ​តិ៍​ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​ជាយក្រុង និង​បន្ត​រហូតដល់​ប្រមាណ៣០-៤០គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​គឺមាន​ប្រ​ប្រិយភាព​ខ្លាំង ប៉ុន្តែ​នៅត្រឹម​ជាង១ឆ្នាំ​ចុង​ក្រោយនេះ ទីផ្សារ​មួយ​នេះ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដោយសារតែ​មូលហេតុ​រួមផ្សំ​មួយចំនួន” ។ លោក​បន្តថា “ភាគច្រើន​អ្នកទិញ​ឡូ​តិ៍ គឺជា​បងប្អូន​កម្មករ​រោងចក្រ ប៉ុន្តែ​បន្ទាប់ពី​មាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ជះឥទ្ធិពល​មួយចំនួន​ដល់​ការធ្វើ​ពាណិជ្ជកម្ម ក្នុង​វិស័យ​ឧស្សាហកម្ម ដោយ​ការយកពន្ធ បានធ្វើឱ្យ​ក្រុមហ៊ុន និង​រោងចក្រ​មួយចំនួន​ផ្អាក​សកម្មភាព ហើយ​មាន​រោងចក្រ​ខ្លះ​កាត់បន្ថយ​បុគ្គលិក​កម្មករ ដែល​ធ្វើឱ្យ​បងប្អូន​កម្មករ ដែលជា​អតិថិជន​ដី​ឡូ​តិ៍​បាន​បង់​ចំណូល​មួយចំណែក​ធំ” ។

លោក​ឧកញ៉ា​គីម ហ៊ាង បាន​មានប្រសាសន៍​បន្តទៀតថា មូលហេតុ​ចម្បង​មួយទៀត ដែល​ជះឥទ្ធិពល​អាក្រក់ ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ផងដែរ​នោះ គឺ​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​កំពុង​បន្ត​កើតមាន​នៅលើ​ពិភពលោក។ បញ្ហា​មួយ​នេះ បានធ្វើឱ្យ​គ្រប់​វិស័យ​ជួប​ភាព​ប្រឈម​យ៉ាងខ្លាំង បើទោះជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​គ្រប់គ្រង​នូវ​ស្ថានការណ៍​បានល្អ​ប្រសើរ​ក៏ដោយ។

លោក​បណ្ឌិត​បាន​បន្តថា ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ មួយ​ភាគ​ធំ​គឺ​ពឹងផ្អែក​លើ​ការ​វិនិយោគិន និង​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស ដោយឡែក​ដោយសារតែ​បញ្ហា​នៃ​ជំងឺ​នេះ ធ្វើឱ្យ​ប្រទេស​មួយចំនួន​បិត​ការធ្វើដំណើរ ហើយ​ប្រទេស​ខ្លះ​ក៏មាន​ភាព​ប្រឈម​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​យ៉ាងខ្លាំង ដូច្នេះ​ចង់​មិន​ចង់ គឺ​វា​ត្រូវតែ​ប៉ះពាល់” ។

តប​ទៅនឹង​ការលើកឡើង​ខាងលើនេះ មាន​សំណួរ​សួរថា តើ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ជាពិសេស​ទីផ្សារ​ដី​ឡូ​តិ៍ អាច​ប្រែ​ស្ថានការណ៍​មក​ល្អប្រសើរ​វិញ​នៅពេលណា? លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ពេលនេះ ខ្ញុំ​គិតថា វា​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​នៅឡើយ ដែល​មិនទាន់​អាច​កំណត់​ច្បាស់​បាន​នោះ​ទ” ។

លោក​ពន្យល់ថា ពេលនេះ​ចំណូល​របស់​ប្រជាពលរដ្ឋ​ពលរដ្ឋ ជាពិសេស​បងប្អូន​កម្ម​ករ​រោងចក្រ​មានការ​ធ្លាក់ចុះ អ្នកលក់​ដី​ឡូ​តិ៍​ពិបាក​លក់ ពិបាក​រក​អតិថិជន ហើយ​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​ក៏​ទទួលបាន​ចំណេញ​តិច ប៉ុន្តែ​ខ្ញុំ​ហ៊ាន​និយាយថា វា​មិន​ធ្លាក់ចុះ​ទាំងអស់​នោះទេ ជាក់ស្ដែង​ដូចជា​ទីផ្សារ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដែល​កំពុងមាន​សកម្ម​ភាព​ពី​សំណាក់​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ក្នុងស្រុក គឺ​នៅតែ​បន្ត​មាន​ស្ថាន​ភាពល្អ​ជាងគេ ដោយសារតែ​តម្រូវការ​លំនៅដ្ឋាន នៅតែមាន​ក្នុង​អត្រា​មួយ​ខ្ពស់​នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here