ចំណេះដឹង! តើ​គោលនយោបាយ​អត្រា​ប្តូរប្រាក់​មាន​តួនាទី​ដូចម្តេច?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ គោលនយោបាយ​អត្រា​ប្តូរប្រាក់ របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺជា​ឧបករណ៍​នយោបាយ​មួយរ​បស់គោល នយោបាយ​រូបិយវត្ថុ ដែលមាន​គោលដៅ​ចម្បង​រក្សា​ស្ថិរភាព​ថ្លៃ។

ជាមួយនឹង​ការអនុវត្ត​របប​អត្រា​ប្តូរប្រាក់ អណ្តែត​មានការ​គ្រប់គ្រង ធនាគារជាតិ​នឹងធ្វើ​អន្តរា​គម​លើ​ទីផ្សារ​ប្តូរប្រាក់ ដើម្បី​គ្រប់គ្រង​និង​រក្សា​ស្ថិរភាព អត្រា​ប្តូរប្រាក់ ទៅតាម​គោលដៅ​ដែល​បានកំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រា​ប្តូរប្រាក់​ផ្លូវការ ជា​អត្រា​ទិញ-លក់​រវាង​រូបិយវត្ថុ​ជាតិ និង​រូបិយប័ណ្ណ​បរទេស​ផ្សេងទៀត ។ អត្រា​ប្តូរប្រាក់​ផ្លូវការ​នេះ ត្រូវបាន​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​រាល់​ប្រតិបត្តិការ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ។

លើសពីនេះ​ក្រសួង-ស្ថាប័ន​រាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជន​អាច​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​នេះ ទៅតាម​គោលដៅរៀងៗខ្លួន ហើយ​អត្រា​នេះ​ក៏​ជា អត្រា​ប្តូរប្រាក់​គោល​ប្រើ​ដោយ​វិស័យ​ឯកជន​ផងដែរ។

ធនាគារជាតិ​នៃ​កម្ពុជា កំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ ដូចតទៅ ៖

– “គណៈកម្មការ​កំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ” ដែល​រួមមាន​សមាសភាព​មកពី​នាយកដ្ឋាន​ពាក់ព័ន្ធ ដូចជា​នាយកដ្ឋាន​គ្រប់គ្រង​ប្តូរប្រាក់ នាយកដ្ឋាន​បោះផ្សាយ​និង​ឃ្លាំង​បេឡា នាយកដ្ឋាន ប្រតិបត្តិការ នាយកដ្ឋាន​ស្ថិតិ និង​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ គឺជា​អ្នកកំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ។

– សមាជិក​គណៈកម្មការ​នេះ ជួបប្រជុំគ្នា​ជា​រៀងរាល់​ព្រឹក ដើម្បី​ពិភាក្សា និង​វិភាគ​ទៅលើ​សូចនាករ សំខាន់ៗមួយចំនួន ដែល​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន ក្នុងការ​កំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ។ បន្ទាប់មក អត្រា​ប្តូរប្រាក់​ផ្លូវការ​នេះ ដាក់ជូន​ថ្នាក់​អគ្គនាយក​បច្ចេកទេស​សម្រេច និង​ផ្សព្វផ្សាយ ជា​សាធារណៈ។

– ករណី​ដែល​ទីផ្សារ​មានការ​ប្រែប្រួល​ខ្លាំង គណៈកម្មការ​នឹងមាន​ការប្រជុំ​ជាបន្ទាន់ ដើម្បី​រក ដំណោះស្រាយ និង​កំណត់​យុទ្ធសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here