អ្នកជំនាញ: ក្រុងហូជីមិញគួរតែអនុញ្ញាតឱ្យសាធារណជនទទួលបានទិន្នន័យលម្អិតស្ដីពីដីធ្លី

ដោយៈសុខុម

ហូជីមិញ: ក្រុមអ្នកជំនាញលើកឡើងថា ក្រុងហូជីមិញ គួរតែពិចារណាធ្វើយ៉ាងណាបង្កលក្ខណៈឱ្យសាធារណជន ទទួលបានព័ត៌មានលំអិតស្ដីពីដីធ្លីងាយស្រួលជាងមុន ដូចជា ផែនការនគរូបនីយកម្មរយៈពេលវែងជាដើម។

នៅឯសន្និសីទមួយដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែមេសា រវាងរដ្ឋបាលក្រុងហូជីមិញ និងបណ្ដាក្រុមហ៊ុនសហគ្រាស ក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង លោក Lâm Nguyễn Hải Long ប្រធាន HCM City Computer Association ដែលជាសមាគមបច្ចេកវិទ្យាព័ត៌មាន (IT) ដំបូងបង្អស់នៅប្រទេសវៀតណាម បានថ្លែងថា ក្រុងហូជីមិញ គួរតែអនុញ្ញាតឱ្យអង្គភាពមិនមែនរដ្ឋ ប្រើប្រាស់ទិន្នន័យដូចអាជ្ញាធររដ្ឋដែរ។

លោកបានបន្ថែមថា “រដ្ឋអាចតម្រូវឱ្យសាធារណជន និងក្រុមហ៊ុនសហគ្រាសនានាបង់ប្រាក់ សម្រាប់ការទទួលបានទិន្នន័យទាំងនោះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ngô Diên Hy អគ្គនាយករងក្រុមប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាមបានលើកឡើងថា ប្រព័ន្ធព័ត៌មានស្ដីពីដីធ្លីកំពុងត្រូវបានរក្សាទុកដោយឡែកពីគ្នា ប៉ុន្តែព័ត៌មានទាំងនេះ គួរតែអាចដាក់បញ្ចូ​លទៅក្នុងប្រព័ន្ធដាតាបេស (Database) ជាមួយទិន្នន័យលម្អិតស្តីពីការរៀបចំផែនការដីធ្លី និងតម្លៃដីធ្លី។

លោកគូសបញ្ជាក់ថា “បន្ទាប់មកវានឹងក្លាយជាប្រភពព័ត៌មាន បើកចំហដ៏មានតម្លៃ”។ បណ្ដាប្រទេសជិតខាងដូចជាសិង្ហបុរី ជាដើមអនុញ្ញាតឱ្យសាធារណជន បង់ប្រាក់សម្រាប់សេវាចូលទៅប្រើប្រាស់ ទិន្នន័យដីធ្លីតាមអនឡាញ”។

លោក Lâm Đình Thắng ប្រធាននាយកដ្ឋានព័ត៌មាន និងសារគមនាគមន៍ថ្លែងថា ទីក្រុងហូជីមិញ គ្រោងនឹងអភិវឌ្ឍប្រភពទិន្នន័យបើកចំហដែលអាចចូលប្រើប្រាស់បានយ៉ាងងាយស្រួល។

លោកបន្ថែមថា “ទីក្រុងនេះ កំពុងផ្តោតលើដំណោះស្រាយ ដើម្បីជំរុញការតភ្ជាប់ទិន្នន័យ និងអភិវឌ្ឍប្រព័ន្ធដាតាបេសរួម”។

លោក Phan Văn Mãi ប្រធានគណៈកម្មាធិការប្រជាជនលើកឡើងថា ការបំប្លែងព័ត៌មាន ដ៏មានសារៈសំខាន់ទាំងអស់នោះ ទៅជាឌីជីថល គឺចាំបាច់ណាស់ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ សម្រាប់ទីក្រុងនេះក៏ដូចជាប្រទេសវៀតណាម ទាំងមូល៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here