កម្ពុជាត្រូវការពេលវេលាច្រើនថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍ច្រើនពីបដិវត្តន៍ឧស្សាហកម្មទី៤.0

ដោយគង់ ម៉ាលីន

ភ្នំពេញ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា កម្ពុជាត្រូវការយៈពេលមួយសមស្រប ដើម្បីកែប្រែផ្លាស់ ឬប្តូរទៅរកបច្ចេកវិទ្យាទំនើបទាន់សម័យ រួមជាមួយការជម្រុញអភិវឌ្ឍន៍ធនធានមនុស្សនៅគ្រប់វិស័យផងដែរ។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទឹង ស៊ីនីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលកន្លងមកថា បច្ចុប្បន្នពិភពលោកកំពុងឈានចូលទៅកាន់ បដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាត្រូវការអភិឌ្ឍន៍លើផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ពោលគឺការប្រតិបត្តិនៅក្នុងដំណើរឧស្សាហកម្ម ដែលត្រូវចៀសវាងមិនឲ្យប៉ះពាល់ដល់បរិ ស្ថាន សង្គម និងបញ្ហាសុខភាព ជាពិសេសការបង្កើតរោងចក្រ តាមប្រព័ន្ធបែបទំនើបកម្មដោយស្វ័យប្រវត្តិ ដើម្បីជម្រុញផលិត នូវផលិតផលលឿន និងមានគុណភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថាការឈានចូលបដិវត្តន៍ឧស្សាហកម្មទី៤ កម្ពុជាមិនអាចធ្វើដោយគំហ៊ុកបានទេ ព្រោះវាអាចធ្វើឲ្យមានផលប៉ះពាល់ដល់កម្មករកម្មការិនី ដែលកំពុងបម្រើការងារក្នុងពេលបច្ចុប្បន្ន និងធ្វើឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។លោកបន្តថាដូច្នេះការជម្រុញអភិវឌ្ឍន៍ដើម្បីឈានចូលបដិវត្តន៍ឧស្សាហកម្មទី៤ គឺកម្ពុជានឹងជម្រុញតាមបណ្តារោងចក្រសហគ្រាសដែលកំពុងអនុវត្តន៍បច្ចុប្បន្ន និងរោងចក្រដែលបង្កើតថ្មី ឈានទៅបំពាក់គ្រឿងបច្ចេកវិទ្យាទំនើបៗ

ជាមួយគ្នានេះ កម្ពុជាត្រូវការជម្រុញអភិវឌ្ឍន៍ ផ្នែកធនធានមនុស្សនៅគ្រប់វិស័យ ទាំងផែ្នកសាធារណៈ និងផ្នែកឯកជន ទើបយើងអាចដើរឈានចូលបដិវត្តន៍ ឧស្សាហកម្មទី៤បាន។

ជំនួយការបច្ចេកទេសផ្នែកគ្រប់គ្រង ក្រុមហ៊ុន iOne លោក អុក សេរីវុធបានមានប្រសាសន៍ថា iOne ជាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យមួយ ក្នុងការផ្តល់អត្ថប្រយោជន៍ចំពោះក្រុមហ៊ុន ឬស្ថាប័ននានាដែលមានតម្រូវការប្រើប្រាស់ បច្ចុប្បន្នក្រុមហ៊ុនបាននាំចូលម៉ាស៊ីន គ្រប់គ្រង់ទិន្នន័យដែលមានហានីភ័យខ្ពស់ ទោះបីម៉ាស៊ីនមានការឆាបឆេះ ឬការខូចខាតSoftwareយ៉ាងណាក្តី  គឺមិនអាចធ្វើឲ្យទិន្នន័យរបស់យើងបាត់បង់នោះឡើយ ដូច្នេះការវិវត្តន៍នៅលើប្រព័ន្ធបច្ចេកវិទ្យាជាផ្នែកនេះ ជាការតម្រង់ទិសក្នុងការចូលចំណែកនៅលើបដិវត្តន៍ឧស្សាហកម្មទី៤។

បណ្តាប្រទេសក្នុងពិភពលោកមួយចំនួន បាននិងកំពុងឈានចូលទៅកាន់យុគសម័យនៃបដិវត្តន៍ថ្មីនេះ ក្នុងដំណើការធ្វើអាជីវកម្ម និងការរស់នៅរបស់មនុស្សជាតិ ហើយការវិវឌ្ឍយ៉ាងលឿនផ្នែកបច្ចេកវិទ្យា បាននិងកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសន្តិសុខ។

លោកង៉ែត ជូអ្នកវិភាគសេដ្ឋកិច្ចនៃក្រុមហ៊ុនEmerging Market consultingធ្លាប់បានមានប្រសាសន៍ថា បដិវត្តន៍ឧស្សាហកម្មទី៤ ជារឿងថ្មីមួយសំរាប់កម្ពុជា ដែលប្រទេសនេះត្រូវការធនធានមនុស្ស និងបច្ចេកវិទ្យាច្រើន ដើម្បីទាញយកផលប្រយោជន៍ពីឧស្សាហកម្មនេះ ប៉ុន្តែកម្ពុជាមិនទាន់មានហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីទាញយកផលប្រយោជន៍ពីផ្នែកនេះនៅឡើយទេ។

លោកបន្តថាកម្ពុជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ឋទាំងផ្នែករ៉ឹង និងទន់ដើម្បីទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤

លោកយិន លាងគង់អគ្គនាយកគេហទំព័រCambodiafinancialtimes.comបានមានប្រសាសន៍ថា ការរីកចម្រើននៃបច្ចេកវិទ្យា និងភាពកាន់តែល្អប្រសើរនៃចំណេះដឹងរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យកម្ពុជាចាប់ផ្តើមទាញយកផលប្រយោជន៍ ពីបដិវត្តន៍ឧស្សា​​កម្ម4.0រួចហើយ ប៉ុន្តែនៅមានកម្រិតដែលរដ្ឋាភិបាលត្រូវវិនិយោគបន្ថែមទៀតទៅលើធនធានមនុស្សនិងបច្ចេកវិទ្យា ដើម្បីរូញសេដ្ឋកិច្ចកម្ពុជា ឈានទៅកាន់កម្រិតថ្មីមួយទៀត។

លោកបន្តថាធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និងការបំពាក់បន្ថែមនូវបច្ចេកវិទ្យាក្នុងវិស័យនានា នឹងធ្វើឲ្យកម្ពុជាទាញយកសក្តានុពលពីបច្ចេកវិទ្យា ពិសេសបដិវត្តន៍ឧស្សាហកម្ម៤.០បានកាន់តែច្រើន

LEAVE A REPLY

Please enter your comment!
Please enter your name here