វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ២៦៧១ក្បាលដី ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងខេត្តកែប

ដោយៈគង់ សូរិយា

ខេត្តកែបៈ ប្រជាពលរដ្ឋនៅក្នុងភូមិរនេស និងភូមិព្រៃតាកុយ​ ឃុំពង​ទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប​ដែលកាន់កាប់ក្បាលដី ចំនួន២៦៧១ក្បាលដីបានទទួកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

លោក​ សុទ្ធ​ ពុទ្ធិម៉ានីន​ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអោយដឹងក្នុងពេលចុះចែកវិញ្ញាបនបត្រខាងលើកាលពីថ្បងៃទី៦ មេសាថា ការចុះអនុវត្ត លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកែប ត្រូវបានចែកចេញជាពីរក្រុម ដែលមានសមាសភាពចំនួន១១រូប ក្នុងមួយក្រុមដែលក្រុមទីមួយ កំពុងចុះអនុវត្តការងារចុះវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងកែប និងក្រុមទីពីរ កំពុងអនុវត្តនៅក្នុង ស្រុកដំណាក់ចង្អើរ។

លោកប្រធានមន្ទីរ បន្ថែមថា មកដល់ពេលនេះមន្ទីរ​ បានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ១៥ភូមិ ដោយ៦ភូមិនៅក្នុងក្រុងកែប និង៩ភូមិទៀត នៅក្នុងស្រុកដំណាក់ចង្អើរ ក្នុងនោះបានវាស់ចប់សព្វគ្រប់ បានចំនួន១៤ភូមិហើយ នៅសល់តែភូមិចំការបីមួយទេ ដែលមន្ទីរគ្រោងនឹងរៀបចំពិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពាក់កណ្ដាលខែមេសានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សម្រាប់ភូមិរនេស ដែលបានវាស់វែងរួចនេះមានចំនួន ១៣៤៤ក្បាលដី ដែលបែងចែកជាប្រភេទដីកសិកម្ម ចំនួន ៤៥០ក្បាលដី ប្រភេទ​ដីលំនៅឋាន ចំនួន ៨៨៨ក្បាលដី និងដីគ្មានទិន្នន័យ ចំនួន ៥១ក្បាលដី។ ដោយឡែកភូមិព្រៃតាកុយ មានក្បាលដីសរុប ១៣២៦ក្បាលដី​ ក្នុងនោះដីកសិកម្ម ៥២៦ក្បាលដី​ ដីលំនៅឋាន៨០០ក្បាលដី និងដីគ្មានទិន្នន័យ ៦៣ក្បាលដី។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឱកាសនោះ​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានលេីកឡេីងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅយ៉ាងសុខសាន្ត និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយគ្នានេះ​ ការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លីត្រូវបានដោះស្រាយជាបន្តបន្ទាប់។

លោកបញ្ជាក់ថា “ពីមុនមកប្រជាជនយើង មិនមានប័ណ្ណកម្មសិទ្ធដីធ្លីឡើយ ធ្វើឱ្យពួកគាត់មិនអាចប្រើប្រាស់ដីឱ្យអស់សក្តានុពល ដើម្បីទាញផលប្រយោជន៍ពីដីធ្លីនោះឡើយ”។

តាមរយៈការអនុវត្តចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ប្រជាពលរដ្ឋក្នុងខេត្តកែប​ ចំនួន១៥ភូមិ​ បានទទួលប័ណ្ណកម្មសិទ្ធរួចរាល់។ ដោយឡែកថ្ងៃនេះមន្ទីររៀបចំ​ ដែនដី​ នគរូបនីយកម្ម​ សំណង់ និងសុរិយោដីខេត្តកែប បានផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ​ ដែលបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចរាល់ ភូមិរនេស និងភូមិ ព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ​ ខេត្តកែប​ បន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here