ចំណេះដឹង! ប្រវត្តិនៃការកកើតឡើងវិញនៃវិស័យធនាគារនៅកម្ពុជា ក្រោយរបបខ្មែរក្រហម

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ នៅក្នុងរបបខ្មែរក្រហម (កម្ពុជា ប្រជាធិបតេយ្យ) អ្វីៗត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ ហើយការចាយវាយនៅសម័យនោះគឺមិនមានឡើយ ដូច្នេះធនាគារមីក្រូហិរញ្ញវត្ថុត្រូវបានបិទចោលទាំងអស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពេលនេះ គេទំព័រ Cambodiafinancialtimes.com សូមលើកយកប្រវត្តិនៃការកកើតឡើងវិញនៃវិស័យធនាគារនៅកម្ពុជាក្រោយរបបខ្មែរក្រហមបានដួលរលំ។

ឆ្នាំ១៩៧៩ ធនាគារជាតិនៃកម្ពុជាចាប់ផ្ដើមបង្កើតឡើងវិញ ក្នុងនាមជាធនាគារកណ្ដាល។ ធនាគារវិនិយោគបរទេស(FTB) ក៏បានផ្ដល់សេវាកម្មជាធនាគារពាណិជ្ជនៅឆ្នាំ ១៩៧៩ផងដែរ ហើយរូបិយប័ណ្ណរបស់កម្ពុជា (៛) ក៏ត្រូវណែនាំអោយបោះពុម្ពឡើងវិញនៅឆ្នាំ ១៩៨០ ។

ឆ្នាំ ១៩៩២-១៩៩៨ វិស័យឯកជន និងបុត្រសម្ព័ន្ធនាគារបរទេស ក៏ចាប់ផ្ដើមចូលមកវិនិយោគ តែត្រូវមានដើមទុនតិចបំផុត៥លានដុល្លារ និង១៥ភាគរយកាន់កាប់ដោយធនាគារជាតិនៃកម្ពុជា។ ឆ្នាំ១៩៩៨ ធនាគារជាតិនៃកម្ពុជាបានផ្ដល់អាជ្ញាប័ណ្ណជូនធនាគារពាណិជ្ជទាំងអស់សរុប៣២។

ឆ្នាំ ១៩៩៨-២០០១ វិស័យធនាគារ ត្រូវបានកែទម្រង់។ វិស័យធនាគារត្រូវបានដឹកនាំដោយលោក ជា ចាន់តូ។ ភាគហ៊ុន១៥ភារយ ដែលកាន់កាប់ដោយNBC ត្រូវបានលុបចោល នៅក្នុងធនាគារឯកជនក្នុងស្រុកនិងបុត្រសម្ព័ន្ធបរទេស។ អំឡុងពេលនោះដែរ បានបែងចែកស្ថាប័នហិរញ្ញវត្ថុជាបី រួមមាន ធនាគារពាណិជ្ជពេញលេញ ត្រូវដំកល់ ១៣លានដុល្លារ ធនាគារឯកទេស ត្រូវដំកល់តិចបំផុត ២,៥លានដុល្លារ ហើយក្រូហិរញ្ញវត្ថុក៏ចាប់ផ្ដើមផ្ដល់អាជ្ញាប័ណ្ណ។

ឆ្នាំ ២០០២-២០០៨៖ ជាពេលវេលាសម្រាប់ពង្រីកវិស័យធនាគារ , កំណែទម្រង់វិស័យធនាគារនៅតែបន្ត ដោយធនាគារFTB ក៏ចាប់ផ្ដើមក្លាយជាធនាគារឯកជន ហើយធនាគារបរទេសថ្មីៗក៏ចាប់ផ្ដើមចូលមកវិនិយោគ ដូចជាមកពីអូស្ត្រាលី កូរ៉េ និងជប៉ុនជាដើម ។អំឡុងពេលនោះដែរ ធនាគារក្នុងស្រុក៤ ក៏ចាប់ផ្ដើមប្រើប្រាស់ATM និងធនាគារអ៊ីនធើណេត។

ឆ្នាំ ២០០៩-២០១៥សេវាធនាគារ ឌីជីថល ក៏បានចាប់ផ្ដើម ។អំឡុងពេលនោះ វិស័យធនាគារក៏កាន់តែរីកចម្រើន ជាមួយការមកនៃបច្ចេកវិទ្យាថ្មីៗនៃវិស័យធនាគារ។

ឆ្នាំ ២០១៦-២០១៧ បានក្លាយជាប្រទេសលំដាប់ទី៧ក្នុងចំណោម១៩០សម្រាប់ ភាពងាយស្រួលនៃការផ្ដល់កម្ចី។ ក្នុងអំឡុងពេលនោះដែរ វិស័យធនាគារកម្ពុជាក៏បានដំណើរការសេវាកម្មទូទាត់រហ័ស ដោយអនុញ្ញាតអោយអតិថិជនអាចផ្ទេរប្រាក់ពីគណនីមួយទៅគណនីផ្សេងទៀតបានភ្លាម។

ឆ្នាំ ២០១៨ដល់បច្ចុប្បន្ន វិស័យធនាគារកាន់តែមានភាពងាយស្រួលរហ័ស និងមានការរីកចម្រើនកាន់តែខ្លាំង ជាក់ស្ដែងក្នុងសមាគមធនាគារនៅកម្ពុជា មាន៦៦គ្រឹះស្ថានចូលជាសមាជិក ក្នុងនោះ៤៥គ្រឹះស្ថានជាធនាគារពាណិជ្ជ ១៦ជាធនាគារឯកទេស និង៤ ជាការិយាល័យតំណាងមកពីប្រទេស និង១ទៀត គឺសមាគមមីក្រូហិរញ្ញកម្ពុជា។

នេះគឺជាការរៀបរាប់ត្រួសៗពីប្រវត្តិវិស័យធនាគារនៅកម្ពុជា តែមិនបានក្បោះក្បាយលំអិត១០០នោះឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here