ដោយ គង់ ម៉ាលីនណា
ភ្នំពេញៈ សមាគមធុរកិច្ចអេឡិចត្រូនិច ហៅកាត់ថា CEA (Cambodia e-Commerce Electronic) លើកទឹកចិត្តចំពោះសហគ្រាសធុនតូច និងមធ្យមក្នុងការចាប់យកបច្ចេកវិទ្យា ដែលជារបកគំហើញថ្មីមកដាក់ឲ្យប្រើប្រាស់ក្នុងធុរកិច្ចរបស់ខ្លួន។

លោក ម៉ម វារិន អនុប្រធានសមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា សមាគមធុរកិច្ចអេឡិចត្រូនិច បានសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន CheckinMe ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបង្កើតភាពទំនើបកម្ម និងបង្កើនប្រសិទ្ធភាពនៃសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនធុរកិច្ចនៅកម្ពុជា។
លោកបន្តថា សមាគមបានសម្រេច ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CheckinMe កាលពីថ្ងៃទី ២៧ ខែមីនា ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា សម្រួលការធ្វើធុរកិច្ចប្រកបដោយប្រសិទ្ធភាព។ កិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ ប្តេជ្ញាធ្វើឲ្យប្រសើរឡើងរួមគ្នា និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងធុរកិច្ច ពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក ដើម្បីបង្កើនប្រសិទ្ធភាព និងលទ្ធភាពប្រកួតប្រជែងក្នុងធុរកិច្ចទាំងក្នុងស្រុក និងកម្រិតអន្តរជាតិ។
ក្រុមហ៊ុន CheckinMe គឺបានបង្កើតបច្ចេកវិទ្យាស្រង់វត្តមានបុគ្គលិក តាមរយៈការស្កេនមេដៃ ដែលគាំទ្រដោយបច្ចេកវិទ្យា QR Code។ បច្ចេកវិទ្យានេះ បង្កើតឡើងដោយយុវជនកម្ពុជាម្នាក់ ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។
ជាមួយគ្នានេះលោក ឡី កំថូងស្ថាបនិកក្រុមហ៊ុន CheckinMe បានឲ្យដឹងថា ក្រុមហ៊ុននេះ បានបង្កើតឡើងនៅឆ្នាំ ២០២០ ខណៈដែលក្រុមការងារបានចុះស្រាវជ្រាវពីតម្រូវការ ក៏ដូចជាផលវិបាករបស់នានា ចាប់តាំងពីឆ្នាំ២០១៤ និងបានកៀរគរយុវជនខ្មែរ ដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាអំឡុងឆ្នាំ ២០១៨-២០១៩ ដើម្បីរូមកម្លាំងគ្នាបង្កើតឡើង។
លោកបន្តថា បច្ចេកវិទ្យានេះ អាចជួយសម្រួលដល់និយោជក ក្នុងការគ្រប់គ្រងបុគ្គលិកបានងាយស្រួល និងមានប្រសិទ្ធភាពបំផុត ក្នុងនោះមិនត្រឹមតែបុគ្គលិកក្នុងក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកវិទ្យានេះ ក៏អាចគ្រប់គ្រងបានបុគ្គលិក ដែលធ្វើប្រតិបត្តិការនៅក្រៅការិយាល័យថែមទៀតផង តាមរយៈទូរសព្ទដៃ ជាមួយនឹងប្រព័ន្ធបញ្ជូនទិន្នន័យរហ័ស និងប្រសិទ្ធភាពខ្ពស់។
ចំណែកលោកបណ្ឌិតតាន់ មុន្នីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិចបានមានប្រសាសន៍ឲ្យដឹងផងដែរថា ប្រទេសក្នុងតំបន់ មានដូចជា ឥណ្ឌូណេស៊ី ហ្វីលីនពីន សាំងហ្គាពួរជាដើម បានដើរមុនម្ពុជាលើបច្ចេកវិទ្យានេះ។
លោកថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាល ក៏កំពុងជំរុញលើការងារនេះ ដើម្បីក្លាយជាប្រទេស ដែលមានប្រព័ន្ធធុរកិច្ចកាន់តែទំនើបឡើង។ លោក តាន់ មុន្នីវណ្ណ គាំទ្រ និងលើកទឹកចិត្តថ្នាក់ដឹកនាំធុរកិច្ច ក្នុងការប្រើប្រាស់រាល់បច្ចេកវិទ្យាថ្មីក្នុងធុរកិច្ចរបស់ខ្លួន៕







