ខេត្តកែបនឹងមានសភាពាណិជ្ជកម្មផ្តាច់ចេញពីខេត្តកំពតនាពេលខាងមុខ

ដោយៈម៉ាលីនណា

ខេត្តកែបៈ លោកម៉ៅ បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រុញដល់រដ្ឋបាលខេត្តកែប និងអង្គភាពពាក់ព័ន្ធសិក្សាពិនិត្យលទ្ធភាព ក្នុងការបង្កើតសភាពាណិជ្ជកម្មមណ្ឌលខេត្តកែប និងផ្សព្វ​ផ្សាយ យន្តការភាពជាដៃគូរ រវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលរងខេត្តលោក វ៉ៅ សុខា តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ស្វាគមដោយគូសបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តកែប បានយកចិត្តទុកដាកអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីបង្កើតបរិយាកា​សល្អ សម្រាប់ការធ្វើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំង ជម្រុញការតាមដាន ស្ថានភាពថ្លៃទំនិញសំខាន់ៗ សម្រាប់បំរើអោយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងធ្វើរបាយការណ៍ជូនថ្នាក់ជាតិ ដើម្បីជាមូលដ្ឋាន តាមដាន វិភាគ វាយតម្លៃ និងមានវិធានការទប់ស្កាត់ អតិផរណាក្នុងករណីចាំបាច់ ។

លោកបន្ថែមថា ដោយផ្អែកលើខេត្តកែប មានការអភិវឌ្ឍរីកចំរើន លើកគ្រប់វិស័យ ពិសេស វិស័យកសិកម្ម ឧស្សហកម្ម សេវាកម្ម ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគសាធារណៈ និងឯកជន ក្នុងគោលបំណងលើកស្ទួយ និងការពារផលប្រយោជន៍ជូន ផលិតករ អាជីវករ សេវាករ ពាណិជករ ដែលកំពុងធ្វើធុរកិច្ច និងសកម្មភាពពាណិជ្ជកម្ម នៅក្នុងភូមសាស្ត្រខេត្តកែប និងដើម្បីពង្រឹង ភាពជាដៃគូរវាងរដ្ឋបាលខេត្ត ជាមួយសភាពាណិជ្ជកម្ម ដែលជាតួអង្គស្នូលក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងសង្គម។

លោកវ៉ៅ សុខាអភិបានរងខេត្តក៏បានលើកឡើងនូវសំណូមពរ ចំនួនពីរ ទី ១ សូមក្រសួងពាណិជ្ជកម្មផ្តល់ការគាំទ្រ និងពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មមណ្ឌលខេត្តកែប ដោយផ្តាច់ចេញពីមណ្ឌលខេត្តកំពត ទី-ទី២ ស្នើអោយក្រុមហ៊ុន សហគ្រាស អាជីវករ សេវាករ ពាណិជ្ជករ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ចូលរួមសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងក្រុមការងារក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំបង្កើតសភាពាណិជ្ជកម្មខេត្ត ដើម្បីជម្រុញការអភិវឌ្ឍខេត្ត​ អោយកាន់តែរីកចំរើនថែមទៀត ។

លោកម៉ៅ ថូរ៉ា រដ្ឋលេខធិការក្រសួងពាណិជ្ជកម្ម និងចំណាប់អារម្មណ៍អំពីយន្តការភាពជាដៃគូរ រវាងរដ្ឋបាលរាជធានី ខេត្ត និងសភាពាណិជ្ជកម្ម រាជធានី ខេត្ត និងលោកងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ធាតុចូល ក្នុងការវាយតម្លៃ លទ្ធភាព និងភាពសម្រប់គ្រប់ជ្រុងជ្រោយ ឈានទៅបង្កើតសភាពាណិ​ជ្ចកម្មមណ្ឌលខេត្តកែប អោយទទួលបានជោគជ័យ។

លោកម៉ៅ ថូរ៉ាបានបន្ថែមថា គោលបំណងសំខាន់ ក្នុងការបង្កើ​តនូវសភាពាណិជ្ជកម្ម គឺដើម្បីពង្រឹងស្ថាប័នពាណិជ្ជកម្ម ពិសេសវិស័យឯកជន ដែលជាដៃគូមិនអាចខ្វះបាន ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here