ដោយៈគង់ សូរិយា
ព្រះវិហារៈ រដ្ឋបាលខេត្តព្រះវិហារ បានចេញបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលកំពុងទន្ទ្រានកាន់កាប់ ឬជួលដីលើទីតាំងដីវិនិយោគសម្បទានចំនួន៥ ឱ្យបញ្ឈប់សកម្មភាពនោះជាបន្ទាន់ ដោយព្រមាននឹងចាត់វិធានការក្ដៅសម្រាប់អ្នកបន្តបំពាន។

យោងតាមសេចក្តីជូនដំណឹងចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដីទាំង៥កន្លែង ត្រូវបានរដ្ឋផ្ទេរសិទ្ធិជាដីសម្បទានសេដ្ឋកិច្ចដល់ឯកជនរួចហើយ សម្រាប់ការវិនិយោគលើដំណាំអំពៅ ដូច្នេះការចូលទៅទន្រ្ទានជាអំពើខុសច្បាប់។
ដីទាំង៥កន្លែង ស្ថិតក្នុងភូមិសាស្រ្តស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខណៈក្រុមហ៊ុនដែលទទួលសិទ្ធិរួមមាន ក្រុមហ៊ុនរូយ ហ្វេង, ក្រុមហ៊ុន ឡាន ហ្វេង,ក្រុមហ៊ុន ហេង រូយ,ក្រុមហ៊ុន ហេង យូ និងក្រុមហ៊ុន ហេង ណុង (ខេមបូឌា)។
ក្នុងលិខិតរដ្ឋបាលខេត្ត ក៏បានចេញវិធានការ៣ចំនុចរួមមាន ទី១.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលកំពុងចូលទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគ ត្រូវចាក់ចេញ និងបញ្ឈប់សកម្មភាពនោះជាបន្ទាន់។ ទី២.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលនៅតែបន្តល្មើសចូលមកទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដី វិនិយោគបន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។
ទី៣.ប្រជាពលរដ្ឋ ឬបុគ្គលរូបណា ដែលត្រូវបានជនខិលខួចបោកប្រាស់ជួលដី នៅលើទីតាំងទាំង៥ខាងលើ សូមផ្តល់ដំណឹង ឬត្រូវដាក់ពាក្យបណ្តឹងទៅអាជ្ញាធជាបន្ទាន់ ដើម្បីជៀសវាងការខាតប្រយោជន៍។

ការចាត់វិធានការនេះ ដោយសារកន្លងមក ក្រុមហ៊ុនបានដំណើរការសកម្មភាពវិនិយោគយ៉ាងរលូន រហូតដល់ឆ្នាំ២០១៩ ដោយសារបញ្ហាកូវីដ-១៩ ក្រុមហ៊ុនបានផ្អាកសកម្មភាពជាបណ្តោះអាសន្ន ក៏មានប្រជាពលរដ្ឋ ចូលមកទន្រ្ទាន កាន់កាប់យ៉ាងអាណាធិបតេយ្យលើដីវិនិយោគទាំងនោះ៕







