ដោយៈសុផារី
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមីនានេះ ចេញសេចក្តីជូនដំណឹង អំពីការចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើប្រព័ន្ធអេឡិចត្រូនិក ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២តទៅ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្ត ប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធាននិងនីតិវិធី នៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីទុកពេលវេលា គ្រប់គ្រាន់ដល់អ្នកជាប់ពន្ធក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់លាស់ និងត្រៀមខ្លួនចូលរួមអនុវត្តប្រកាសនេះឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២តទៅ។
ពន្ធនេះអនុវត្តចំពោះអ្នកជាប់ពន្ធ អធិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកចូលមកកម្ពុជា និងអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកពីអ្នកជាប់ពន្ធអទិវាសនជនទាំងអស់។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការពន្យារពេលអនុវត្តនេះ អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកចូលមកកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ស្រេចបានមុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងនេះបានឱ្យដឹងផងដែរថា ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬ មិនបានមកធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋាន ពន្ធដារឱ្យបានទាន់ពេលវេលា ត្រូវទទួលរងទោសខណ្ឌ ដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕







