ដោយៈសុខុម
បាងកក: ក្រុមហ៊ុនអភិវឌ្ឍន៍ថៃ នានានៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ ក្នុងឆ្នាំ២០២២ ដោយក្រុមហ៊ុនទាំងនោះបានចាប់ផ្ដើមគម្រោងថ្មីៗ ក្នុងទំហំវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ហើយក្នុងនោះ ក៏រួមមាន ទាំងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri ផងដែរ។

ថ្នាក់ដឹកនាំក្រុមហ៊ុន Sansiri បានបង្ហាញភាពសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍលំនៅដ្ឋានប្រភេទទាបៗ ដោយគ្រោងចាប់ផ្តើមគម្រោងថ្មីៗរហូតដល់ទៅ២៨គម្រោង ដែលមានទំហំទុនវិនិយោគសរុប១,១៧ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដែលច្រើនជាង២ដងបើធៀបនឹងឆ្នាំ២០២១។
លោក Anat Kittikulmethi អគ្គនាយករងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទាបៗ នៃក្រុមហ៊ុននេះបានលើកឡើងថា ការបើកលក់ ឬ Presale របស់ក្រុមហ៊ុនកាលពីឆ្នាំមុន ទទួលបានលទ្ធផលជាទីពេញចិត្ត ដោយលើសគោលដៅកំណត់រហូតដល់ទៅ១២% ឈានដល់៦៧២លានដុល្លារអាមេរិក បើធៀបនឹងគោលដៅកំណត់ ត្រឹម៦០០លានដុល្លារអាមេរិក។
លោកបានគូសបញ្ជាក់ថា “ទីផ្សារលំនៅដ្ឋានប្រភេទទាបៗមានសន្ទុះកើនឡើង ទោះជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្ដី។ នៅឆ្នាំនេះ យើងនឹងចាប់ផ្ដើមគម្រោងគ្រប់ប្រភេទ និងគ្រប់តម្លៃនៅទីតាំងខុសៗគ្នា ដើម្បីស្រូបទាញតម្រូវការពិតប្រាកដ”។
លោក Anat Kittikulmethi បានលើងឡើងថា ភាគច្រើននៃគម្រោងថ្មីៗទាំងនេះ គឺជាផ្ទះទោលដាច់ៗពីគ្នានៅ១១ ទីតាំងដែលមានទំហំទុនវិនិយោគ៧៧១លានដុល្លារអាមេរិក ដែលស្មើ៦៨%នៃគម្រោងថ្មីៗទាំងអស់ ហើយ១២គម្រោងទៀត ជាគម្រោងផ្ទះប្រភេទ Townhouse ដែលមានទំហំទុនវិនិយោគ២៥២លានដុល្លារអាមេរិក។
ទន្ទឹមនេះ គំរោងអភិវឌ្ឍន៍ចំនួន៥ទៀត គឺជាគម្រោងចម្រុះដែលមានផ្ទះទោលដាច់ៗពីគ្នា ផ្ទះវីឡាភ្លោះ និងផ្ទះប្រភេទ Townhouse ដែលក្នុងមួយយូនីតខ្នង ឬមួយយូនីត មានតម្លៃចាប់ពី៦០.០០០ដុល្លារអាមេរិក ក្រោមប៊្រែន Anasiri ដែលទទួលបានកំណើនលក់ Presale រហូតដល់ទៅ១២០% ឈានដល់៧៨លានដុល្លារអាមេរិកកាលពីឆ្នាំមុន៕ Bangkok Post៕







