ដោយៈលក្ខិណា
ភ្នំពេញៈ វិនិយោគិន និងជាអ្នកជំនាញអចលនវត្ថុកម្ពុជា ដ៏ល្បីមួយរូប លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបង្ហើបពីប្រភពដើមទុនសំខាន់ៗចំនួន៣ដែលអាចស្ដារ និងជំរុញវិស័យអចលនទ្រព្យឡើងវិញ ក្រោយវិបត្តិកូវីដ ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈប្រាក់ចំណូលប្រជាជន និងចំណូលពន្ធរដ្ឋផងដែរ។

លោកបណ្ឌិតគីម ហ៊ាង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមពិតទៅតំបន់មួយចំនួន ដែលយើងមើលឃើញថាមានសក្ដានុពលខ្ពស់ បានរងផលប៉ះពាល់ទៅលើវិស័យដីធ្លី កាលតាំងពីមុនកូវីដ១៩មកម្ល៉េះ ក្នុងនោះយើងឃើញថាតម្លៃដីធ្លី នៅក្រុងព្រះសីហនុ បាវិត និងប៉ោយប៉ែត បានធ្លាក់ចុះតាំងពីចុងឆ្នាំ២០១៩ ពោលគឺតាំងពីរាជរដ្ឋាភិបាលបានសម្រេចបិទហ្គេមអនឡាញម្ល៉េះ។
លោកបណ្ឌិតបានបន្តថា ដើម្បីឱ្យវិស័យនេះ មានសកម្មភាពកម្រើកឡើងវិញ យើងត្រូវការប្រភពដើមទុនសំខាន់៣ ក្នុងនោះមាន ទី១ ប្រភពដើមទុនពីអ្នកក្នុងស្រុក។ ពេលនេះ ជាពេលវេលាដែលសំខាន់ណាស់ ដែលវិនិយោគិន ក្នុងស្រុកត្រូវបញ្ចេញទុន ដើម្បីវិនិយគបង្កើតការងារជូនពលរដ្ឋ ក៏ដូចជាចំណូលរដ្ឋតាមរយៈការបង់ពន្ធអាជីវកម្ម។
លោកបណ្ឌិតបន្ថែមថា អ្នកក្នុងស្រុកអាចបញ្ចេញដើមទុនសង់ បុរី សង់ខុនដូ សង់រោងចក្រ ធ្វើឃ្លាំង កសិកម្ម ឬទេសចរណ៍ ដែលអាចបង្កើតការងារ និងបង្កើនចំណូលដល់រដ្ឋ និងជាពិសេសអ្នកវិនិយោគិនក្នុងស្រុកក៏អាចទទួលបានប្រាក់ចំណេញមកវិញដែរ ។
លោកបន្តថា “ក្នុងដំណាក់កាលដែលពិបាកនេះ ហើយអ្នកមានក្នុងស្រុកមិនបញ្ចេញដើមទុន អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរគឺអ្នកក្រ អត់ការងារធ្វើអត់មានចំណូល សេដ្ឋកិច្ចថមថយជាដើម”។

លោកបណ្ឌិតគីម ហ៊ាង បន្ថែមទៀតថា ប្រភពដើមទុនសំខាន់មួយទៀត គឺប្រភពដើមទុនរបស់ខ្មែរនៅបរទេស ដែលសំដៅលើអ្នកដែលមានលុយយកទៅផ្ញើនៅក្រៅប្រទេស ។ យើងត្រូវសិក្សាឱ្យច្បាស់ថា លុយដែលផ្ញើបរទេស ធនាគារខ្លះគេផ្ដល់ការប្រាក់ជូន តែធនាគារខ្លះមិនត្រឹមតែមិនឱ្យការប្រាក់ទេ តែម្ចាស់លុយត្រូវបង់ថ្លៃ ការពារជូនធនាគារនោះទៅវិញ។
លោកបណ្ឌិតបន្តថា បើបែបនេះ ហេតុអ្វីមិនយកលុយទាំងនោះមកវិនិយោគក្នុងស្រុក ដែលជួយដល់សេដ្ឋកិច្ច និងប្រជាជនខ្លួនឯង ឬយ៉ាងហោចណាស់យកលុយទាំងនោះ ដាក់ក្នុងធនាគារក្នុងស្រុកខ្មែរ ដើម្បីឱ្យធនាគារអាចយកលុយនោះ ទៅផ្ដល់កម្ចីបន្តដល់អ្នក ដែលត្រូវការលុយជួយដល់ប្រជាជន ។

លោកបណ្ឌិត គីម ហ៊ាង ថា ប្រភពដើមទុនមួយទៀតគឺប្រភពមកពីវិនិយោគិនបរទេស ។ យើងដឹងហើយថាចិនគឺជាវិនិយោគិនបរទេស ដែលបានដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ និងឈរលំដាប់ទី១ តែវិនិយោគិនដទៃទៀត ក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជា និងបានបណ្ដាក់ទុនវិនិយោគជាច្រើនផងដែរ ដូច្នេះយើមិនគួរពឹងលើតែវិនិយោគិន ចិនមួយនោះទេ ។ យើងគួរគៀរគទុនពីវិនិយោគិនបរទេសជាច្រើនទៀត ដូចជា ម៉ាឡេស៊ី សិង្ហបុរីជប៉ុន និងប្រទេសជាច្រើនទៀត ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតការងារជូនពលរដ្ឋនិងចំណូលរដ្ឋផងដែរ៕







