WB ផ្តល់ប្រាក់កម្ចី១១៣លានដុល្លារអាមេរិកលើកកម្ពស់សេវាថែទំាសុខភាពជនងាយរងគ្រោះ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ធនាគារពិភពលោក នៅថ្ងៃទី១១ ខែមីនានេះ បានអនុម័តហិរញ្ញប្បទានថ្មីក្នុងទំហំទឹកប្រាក់ចំនួន១១៣លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជា។

ហិរញ្ញប្បទាននេះគាំទ្រជាពិសេសសម្រាប់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុត និងដើម្បីជួយគាំទ្រដល់ការឆ្លើយតបមានប្រសិទ្ធភាពទៅនឹងវិបត្តិផ្នែកសុខភាពនានាដែលអាចកើតមាន។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បញ្ជាក់ថា ហិរញ្ញប្បទាននេះគឺជាដំណាក់កាលទី២នៃគម្រោងលើកកម្ពស់សមធម៌និងគុណភាពនៃការថែទាំសុខភាព ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណាក់កាលទី១ នៃគម្រោងនេះ មានរយៈកាលពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២។ កម្ពុជាកំពុងតែរៀបចំបង្កើតឡើងនូវរចនាសម្ព័ន្ធធានារ៉ាប់រងសុខភាពមួយសម្រាប់ពលរដ្ឋគ្រប់រូប ដែលជាជំហានសំខាន់មួយឆ្ពោះទៅសម្រេចគោលដៅធ្វើឱ្យមានសេវាថែទាំសុខភាពគ្របដណ្តប់ទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០។

បើតាម WB កញ្ចប់ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាលសម្រាប់រ៉ាប់រងការចំណាយថ្លៃសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងកែលម្អគុណភាពសេវា តាមរយៈការលើកកម្ពស់ការយល់ដឹង កាត់បន្ថយឧបសគ្គនានា និងពង្រីកប្រព័ន្ធផ្តល់ព័ត៌មានសុខាភិបាល។

គម្រោងនេះនឹងជួយដល់កម្មវិធីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្តង់ដាទទួលស្គាល់ថ្នាក់ជាតិ ពង្រីកអំណោយថវិកាសម្រាប់ការផ្តល់សេវា និងផ្តល់ហិរញ្ញប្បទានផ្អែកតាមសមិទ្ធកម្មការងារនិងឆ្ពោះទៅបង្កើនសេវាទប់ស្កាត់ជំងឺដែលមិនឆ្លងផ្ទាល់រវាងមនុស្សនៅទូទាំងប្រទេស។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ការពង្រីកសមធម៌ក្នុងលទ្ធភាពទទួលបានការថែទាំសុខភាពនៅតែជាគោលដៅសំខាន់ដដែល ថ្វីបើកម្ពុជាមានភាពរីកចម្រើននៅក្នុងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនរបស់ខ្លួនពិតមែនក៏ដោយ”។

លោកស្រីបន្ថែមទៀតថា “គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានគោលបំណងខាងលើ តាមរយៈការពង្រីកលទ្ធភាពសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះដើម្បីទទួលបានសេវាថែទាំសុខភាព”។

ហិរញ្ញប្បទានថ្មីនេះសបញ្ជាក់នូវភាពជាដៃគូយូរអង្វែងក្នុងចំណោមដៃគូនានា ហើយក្នុងកញ្ចប់នោះរួមមានទឹកប្រាក់៥៥លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនៃធនាគារពិភពលោក និងអំណោយថវិកាសរុបចំនួន ៥៨លានដុល្លារ មកពីប្រទេសអូស្រ្តាលី អនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (German Development Bank) ប្រទេសកូរ៉េខាងត្បូង និងសេវាហិញ្ញប្បទានសកល (Global Financing Facility)។ ប្រទេសកម្ពុជានឹងរួមចំណែកទឹកប្រាក់ចំនួន១៨៦លានដុល្លារអាមេរិកជាហិរញ្ញប្បទានបដិភាគក្នុងគម្រោងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here