ដោយ: ម៉ាលីស
ភ្នំពេញ: យុទ្ធនាការទីផ្សារដែលខ្លាំងនឹងផ្សារភ្ជាប់អ្នកជាមួយនឹងក្រុមអតិថិជនដែលត្រឹមត្រូវ អាចធ្វើឲ្យពួកគេនិយាយអំពីក្រុមហ៊ុន ឬនិយាយអំពីម៉ាកសញ្ញារបស់អ្នកមិនដាច់ពីមាត់ ក៏ដូចជាជួយផ្សព្វផ្សាយផលិតផលរបស់អ្នកទៅកាន់បណ្ដាញសង្គម ព្រមទាំងជួយធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនជាងមុនទ្វេដងទៅទៀត។
ខាងក្រោមនេះជាចំនុចគួរចៀសវាងពេលធ្វើទីផ្សារ៖
១. សន្និដ្ឋានដោយគ្មានការស្រាវជ្រាវទីផ្សារច្បាស់លាស់៖ ការស្រាវជ្រាវអំពីស្ថានភាពទីផ្សារ គឺជារឿងមួយដែលសំខាន់ខ្លាំងមែនទែនចំពោះអ្នកដែលទើបតែចូលប្រឡូកនៅក្នុងពិភពធុរកិច្ច ពីព្រោះអ្នកមិនអាចចេះតែស្មានៗ សន្និដ្ឋានឲ្យតែហើយៗដោយពឹងផ្អែកតាមផ្នែកតូចមួយដែលអ្នកឃើញនោះទេ។ ការស្រាវជ្រាវទីផ្សារ នឹងជួយអ្នកកាត់បន្ថយទៅលើការចំណាយទាំងមូលនៅក្នុងក្រុមហ៊ុន ដោយអ្នកអាចដឹងថាតើ ក្រុមហ៊ុនគួរតែដាក់លក់ផលិតផលបែបណាទើបមានអ្នកប្រើប្រាស់ច្រើន ហើយត្រូវធ្វើការផ្សព្វផ្សាយបែបណាដើម្បីអាចឲ្យអតិថិជនគោលដៅបានឃើញ តាមរយៈការវាស់ស្ទង់នូវចំនួនអ្នកប្រើប្រាស់ផ្ទាល់នៅលើទីផ្សារនេះឯង។ ការស្រាវជ្រាវទីផ្សារ អាចជាត្រីវិស័យមួយដែលអាចជួយបង្ហាញអ្នកឲ្យដឹងអំពីអ្វីដែលអ្នកគួរឬពុំគួរចំណាយនៅក្នុងការចាប់ផ្ដើមចេញរកស៊ីដំបូងផងដែរ។
ដូចនេះមុនពេលសន្និដ្ខានអ្វីមួយដែលវាអាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើអាជីវកម្មរបស់អ្នក អ្នកគប្បីសិក្សាឈ្វេងអំពីទីផ្សារឲ្យបានលម្អិតជាមុនសិន ថាតើទីផ្សារបច្ចុប្បន្ននេះគេកំពុងតែត្រូវការអ្វីជាងគេ តាមរយៈការវិភាគទៅលើ SWOT ( ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគម្រាមកំហែង)។
២. មិនខ្វល់ខ្វាយអំពីការត្អូញត្អែររបស់អតិថិជន៖ ជាមួយនឹងភាពជឿនលឿនរបស់បច្ចេកវិទ្យា ក៏ដូចជាភាពរហ័សនៃការទទួលបាននូវព័ត៌មាននៅលើបណ្ដាញសង្គម ក្រុមហ៊ុនរបស់អ្នកងាយណាស់ នឹងទទួលរងនូវឥទ្ធិពលអវិជ្ជមានណាមួយពីក្រុមអតិថិជន ក្នុងករណីដែលក្រុមហ៊ុនអ្នកធ្វើឲ្យអតិជនមិនពេញចិត្តជាមួយនឹងសេវាកម្ម គុណភាពនៃផលិតផល ឬមិនព្រមចេញមុខដោះស្រាយបញ្ហាជូនអតិថិជនជាដើម។
៣. ខ្វះការផ្ដោតសំខាន់ទៅលើតម្រូវការរបស់អតិថិជនសក្ដានុពល៖ តើអ្នកដឹងអំពីតម្រូវការអតិថិជន ព្រមទាំងបញ្ហាដែលពួកគេចង់ឲ្យអ្នកដោះស្រាយឲ្យ បានដល់កម្រិតណា? មានអាជីវកម្មមួយចំនួនតូចតែប៉ុណ្ណោះដែលបានចំណាយពេលគិតវិភាគអំពីអ្វីដែលក្រុមអតិថិជនរបស់ពួកគេត្រូវការ និងចង់បានពិតប្រាកដ។
វាក៏មិនមែនជារឿងងាយស្រួលខ្លាំងណាស់ដែរ ក្នុងការស្វែងរកអំពីតម្រូវការជាក់លាក់ណាមួយរបស់អតិថិជន រួចធ្វើឲ្យអាជីវកម្មអ្នកមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែងផ្សេងទៀតដែរ។
ដើម្បីអាចដឹងថាក្រុមអតិថិជនគោលដៅរបស់អ្នកត្រូវការអ្វី ជាដំបូងគឺអ្នកនៅតែត្រូវធ្វើការសិក្សាស្រាវជ្រាវ និងធ្វើតេស្តសាកល្បងនៅលើទីផ្សារ។ ហើយនៅពេលដែលអ្នកដឹងច្បាស់ថាអតិថិជនត្រូវការ និងចង់បានអ្វីហើយ អ្នកក៏មានភាពងាយស្រួលក្នុងការបង្កើនប្រាក់ចំណូល និងអាចធ្វើឲ្យម៉ាកសញ្ញារបស់អ្នកមានប្រជាប្រិយភាពនៅលើទីផ្សារទាំងមូលផងដែរ ព្រមទាំងអាចទាក់ទាញបាននូវអតិថិជនថ្មីៗបន្ថែមទៀតផង។
៤. បង្កើតមាតិកាផ្សព្វផ្សាយដែលផ្ទុយពីអាជីវកម្មរបស់ខ្លួន៖ ការបង្កើតមាតិកាដែលផ្ទុយពីអាជីវកម្មរបស់ខ្លួននេះ ក៏ជាកំហុសមួយដែលអ្នកគួរតែចៀសវាងដែរ។ អ្នកខ្លះគាត់គិតថា បង្ហោះមាតិកាប្រភេទអ្វីក៏បានដែរ ឲ្យតែ Facebook Page របស់គាត់មានការចូលរួមច្រើន (Engagement) គឺគាត់អាចរកចំណូលបានហើយ។ ប៉ុន្តែភាពពិតជាក់ស្ដែង បើទោះបីជាមាតិកាទាំងនោះទទួលបានការចាប់អារម្មណ៍ ការចូលចិត្ត (Like) ការបញ្ចេញមតិ(Comments) និងការចែករំលែក (Share)ច្រើននៅលើបណ្ដាញសង្គមក៏ដោយ ប៉ុន្តែសួរថាតើអាជីវកម្មរបស់អ្នកអាចទទួលបានចំណូលពីមាតិកាទាំងអស់ទេ? តើអតិថិជនរបស់អ្នកដឹងថាអ្នកកំពុងតែលក់អ្វីដែរឬទេ?
ជាក់ស្ដែង យើងឃើញមានម្ចាស់អាជីវកម្មមួយចំនួនគាត់តែងតែធ្វើមាតិកា បែបកំប្លែងៗ ជាវីដេអូ Quotes (Life Quotes/ Success Quotes) និងមាតិកាផ្សេងៗទៀតដែលវាមិនទាក់ទងគ្នាទាល់តែសោះជាមួយនឹងប្រភេទអាជីវកម្មដែលគាត់កំពុងតែធ្វើ ហើយយូរៗទៅ អ្នកដែលប្រើប្រាស់នៅលើបណ្ដាញសង្គម បានស្គាល់អ្នកត្រឹមតែជាកន្លែងដែលកំសាន្ត ចែករំលែកQuotes និងវីដេអូសប្បាយៗតែប៉ុណ្ណោះ ប៉ុន្តែគេមិនបានដឹងថាអ្នកលក់ផលិតផល ឬផ្ដល់សេវាកម្មអ្វីនោះទេ៕