កម្ពុជាខ្ចីឥណទានសម្បទានពីដៃគូអភិវឌ្ឍន៍នានាចំនួនជាង៩០០លានដុល្លារអាមេរិក

ដោយ: លក្ខិណា

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន៩០៥,៦៣លានដុល្លារអាមេរិក ឬ ៦៤៣,៨៤លានអេសដេអ៊ែរស្មើនឹងប្រមាណ៤៣ភាគរយនៃពិដានដែលច្បាប់អនុញ្ញាត។

នេះបើតាមប្រឹត្តិបត្រស្ថិតិបំណុលសាធារណរបស់កម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

តាមរបាយការណ៍នេះឱ្យដឹងថា ក្នុងចំណោមឥណទានដែលកម្ពុជាទទួលបានពីដៃគូអភិវឌ្ឍន៍ក្នុងឆ្នាំ២០២១កន្លងមានក្របខ័ណ្ឌទ្វេភាគីមានចំនួន៤៣ភាគរយ ត្រូវនឹង៣៩០,១លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគីមានចំនួនទឹកប្រាក់ប្រមាណ៥៧ភាគរយត្រូវនឹង៥១៥,៥៣លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅនៃកម្ចីទាំងនេះគឺសុទ្ធតែសម្រាប់ហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គ្របដណ្ដប់ប្រមាណ៧២ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ២៨ភាគរយ។

ឥណទានទាំងនេះសុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុដំណោយជាមធ្យម៥០ភាគរយ។

ក្នុងរបាយការណ៍ដដែលឱ្យដឹងថា បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ១៥,៥៤ពាន់លានដុល្លារ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេមានរហូតដល់៨៣ភាគរយ និងវិស័យអាទិភាពចំពោះ មុខផ្សេងទៀតប្រមាណ១៧ភាគរយ។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកប្រើប្រាស់ជាក់ស្ដែងក្នុងឆ្នាំ២០២១កន្លងទៅ មានចំនួន១,១៦ពាន់លានដុល្លារអាមេរិក ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានចំនួន៧៣ភាគរយ ត្រូវនឹង៨៤៦,៤៧លានដុល្លារអាមេរិក ក្របខ័ណ្ឌពហុភាគីមាន៣១២,១៧លានដុល្លារអាមេរិកឬប្រមាណ២៧ភាគរយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កន្លងមកថា ឆ្នាំ២០២១កម្ពុជាបានចំណាយខ្ពស់ទៅលើកូវីដ១៩ ហើយបណ្ដាស្ថាប័នក្រសួងនានាត្រូវបានកាត់បន្ថយការចំណាយណាមិនចាំបាច់ដោយយកប្រាក់សន្សំទាំងនោះសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here