ស្វែងយល់ពីយុទ្ធសាស្ត្រធ្វើទីផ្សារទាំង៥ដែលគេកំពុងនិយម

ដោយៈ ម៉ាលីស

       ភ្នំពេញៈ ការធ្វើទីផ្សារមានច្រើនទម្រង់ និងទៅតាមទំនោរអតិថិជនគោលដៅ។   ការធ្វើទីផ្សារក៏មានការចំណាយខុសៗគ្នា ដូច្នេះប្រសិទ្ធភាពដែលចេញមកវិញ ក៏មានលក្ខណៈខុសៗគ្នាដែរ។

ថ្ងៃនេះយើងសូមណែនាំយុទ្ធសាស្រ្តធ្វើទីផ្សារ ដែលចំណាយតិច ហើយមានប្រសិទ្ធភាពខ្ពស់ មកចែករំលែកដល់អ្នកទាំងអស់គ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោមនេះ ជាការធ្វើទីផ្សារទាំង៥  ដែលអ្នកអាចសម្រេចចិត្តសាកល្បងបាន។

១. ការធ្វើទីផ្សារលើបណ្ដាញសង្គម

ការធ្វើទីផ្សារតាមបណ្ដាញសង្គមមានច្រើនរបៀប ដូចជា ការសរសេរជាអត្ថបទ  ការបង្ហោះរូបភាព និងការបង្កើតនូវវីដេអូខ្លីៗអំពីផលិតផល តាមបណ្ដាញសង្គមដូចជា Facebook Instagram ឬ TikTok  ជាដើម។ ក្រៅពីផ្សព្វផ្សាយផលិតផល អ្នកក៏អាចសាកសួរពីបទពិសោធន៍ នៃការប្រើប្រាស់របស់អតិថិជន ដើម្បីជាព័ត៌មានសម្រាប់កែតម្រូវគុណភាពឲ្យចំ តម្រូវការពួកគាត់ និងឆ្លើយតបទៅលើបញ្ហាស្រដៀងគ្នានេះ ទៅអតិថិជនថ្មីបានទាន់ពេលមុននឹងធ្វើឲ្យបាត់បង់អតិថិជនថ្មី។

២. ការធ្វើទីផ្សារតាមសារអេឡិចត្រូនិច (Email)

ទោះបីជាការធ្វើទីផ្សារតាមបណ្ដាញសង្គម មានការពេញនិយម ក៏ប៉ុន្តែនៅតែមានស្ថាប័នមួយចំនួន បន្តធ្វើទីផ្សារតាមរយៈសារអេឡិចត្រូនិច (Email)។ ការផ្ញើសារនោះទៀតសោត គេច្រើនផ្ដល់ជូនដំណឹងអំពីប្រូម៉ូសិនពិសេសផ្សេងៗ ហើយអតិថិជន ដែលបានទទួលសារទាំងនោះច្រើនតែជាអតិថិជនគោលដៅ ដែលពួកគេធ្លាប់ទទួលបានការប្រាស្រ័យ ទាក់ទងតាមរយៈការធ្លាប់ទិញទំនិញពីមុន ឬតាមបណ្ដាញសង្គមនានា។

៣. ការធ្វើទីផ្សារតាមរយៈបុគ្គលល្បី

ដូចអត្ថបទមុនដែលយើងធ្លាប់ បានលើកឡើងអំពីយុទ្ធសាស្ដ្រទីផ្សារនេះ ដែលការផ្សព្វផ្សាយអាចធ្វើទៅបាន តាមរយៈការទំនាក់ទំនងជាមួយបុគ្គលល្បីណាមួយ ដូចជា បុគ្គលល្បីលើ tik tok  instagram ឬ  តារាចម្រៀង   និង សម្តែងផ្សេងៗ ឬអ្នកផលិតមាតិកាលើបណ្ដាញសង្គម ដើម្បីឲ្យពួកគាត់ជួយផ្សព្វផ្សាយ ផលិតផលទៅកាន់អ្នកគាំទ្រ។ ការធ្វើទីផ្សារបែបនេះហាក់ពេញនិយមខ្លាំង នៅក្នុងបណ្ដាអ្នកលក់ទំនិញអនឡាញ នៅតាមបណ្ដាញសង្គម ដូចជា ហ្វេសប៊ុកជាដើម។

៤. ការធ្វើទីផ្សារតាមរយៈដៃគូសហការ

ភាគច្រើនសម្រាប់អាជីវកម្មធំៗ ឬអាជីវកម្មមានបណ្ដាញច្រើនក្នុងសង្គម ការធ្វើទីផ្សារបែបនេះ អាចជាការណែនាំឲ្យគ្នាតាមអ្នកស្គាល់ ឬការសហការជាមួយអាជីវកម្មណាមួយ ដែលមានផលិតផលស្រដៀងគ្នា ដើម្បីពង្រីកទីផ្សារ និង ធ្វើឲ្យគេស្គាល់ច្រើន។

៥.  ការធ្វើទីផ្សារReferral (Referral Marketing)

ការទីផ្សារនេះ ផ្ដោតខ្លាំងលើការផ្សព្វផ្សាយព័ត៌មាន អំពីអាជីវកម្ម ឬ ផលិតផលឲ្យស្គាល់ច្រើន តាមរយៈការបង្ហោះនូវអត្ថបទខ្លីៗ ឬមាតិកាណាមួយដែលទាក់ទងជាមួយអ្វី កំពុងល្បីក្នុងពេលបច្ចុប្បន្ន។ ពេលខ្លះអាចជាមាតិកាបង្កើតនូវទស្សនីយ៍ភាព កំប្លុកកំប្លែង ដើម្បីឲ្យគេ Like   & Share ឲ្យបានច្រើនជាដើម។

ឧទាហរណ៍ គេប្រូម៉ូតផលិតផល A ក្នុងពេលបុណ្យក្ដីស្រឡាញ់ គេបង្ហោះបង្ហាញពីប្រូម៉ូតសិន សម្រាប់អ្នកនៅលីវ (Single) ដោយមានឃ្លា “ផលិតផល A មានប្រូម៉ូតបញ្ចុះតម្លៃ៤០ភាគរយ សម្រាប់អ្នកអត់គូ” នោះនឹងមានមនុស្សជាច្រើន Share ដោយសារវាទាក់ទាញ ហើយមនុស្សជាច្រើននឹងស្គាល់ផលិតផល A៕

LEAVE A REPLY

Please enter your comment!
Please enter your name here