ក្រុមហ៊ុនរដ្ឋចិនបានសម្រេចចិត្តទិញគំរោងរបស់ក្រុមហ៊ុន Evergrande ដើម្បីសំរាលវិបត្តិអចលនទ្រព្យ

ដោយៈឧត្តម

ហុងកុង: ក្រុមហ៊ុន China Evergrande Group បានប្រកាសកាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈ ថា ខ្លួនបានលក់ភាគហ៊ុន និង “សិទ្ធិរ៉ាប់រងបំណុល” ក្នុងគម្រោអភិវឌ្ឍន៍ចំនួន៤ឱ្យទៅក្រុមហ៊ុនរដ្ឋចិន ចំនួន២ក្នុងតម្លៃសរុបជាង៣៣៧លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលក់គម្រោងទាំងនេះ គឺដើម្បីធានាថា ដំណើរការសាងសង់ក្នុងគម្រោងទាំងនេះ នៅតែអាចដំណើរការទៅមុខ ដោយគ្មានការរាំងស្ទះ និងដើម្បីឱ្យគម្រោងផ្សេងៗទៀតរបស់ខ្លួន អាចប្រគល់លំនៅដ្ឋានជូនអតិថិជនទាន់ពេលវេលាផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងបំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក កំពុងប្រឹងប្រែងទាំងត្រដាបត្រដួសដើម្បីបញ្ចប់គម្រោងនានា ជាពិសេសគម្រោងលំនៅដ្ឋានរបស់ខ្លួន ដែលក្រុមអ្នកបង្កើត គោលនយោបាយរបស់ប្រទេសចិន ចាត់ទុកជាអាទិភាពដ៏សំខាន់មួយដើម្បីធានាស្ថិរភាពសង្គម។

ក្រុមហ៊ុន Evergrande អះអាងថា ខ្លួនបានលក់ភាគហ៊ុន និងសិទ្ធិរ៉ាប់រងបំណុលក្នុងគម្រោងចំនួន៤ ឱ្យទៅក្រុមហ៊ុនរដ្ឋចិនចំនួន២ គឺក្រុមហ៊ុន Everbright Trust និងក្រុមហ៊ុន Minmetals Trust ក្នុងតម្លៃសរុបជាង៣៣៧លានដុល្លារអាមេរិក។ គម្រោងទាំងនោះមាន ដូចជា ក្នុងទីក្រុងឆុងឈីង (Chongqing) ក្រុងតុងគ័ន (Dongguan ក្រុងហ្វូសាន (Foshan) និងក្រុងគ័ងចូវ ឬ ក្វាងចូវ (Guangzhou)។

“សិទ្ធិរ៉ាប់រងបំណុល” មានន័យថា ម្ចាស់ថ្មីនៃគម្រោងទាំងនេះ ត្រូវរ៉ាប់រងបន្ត ចំពោះការសងបំណុលដែលគម្រោងជំពាក់។ ក្រុមហ៊ុនរដ្ឋដែលទិញយកទាំងនេះ គឺជាផ្នែកមួយនៃអ្វីដែលគេហៅថា វិស័យធនាគារស្រមោ​លរបស់ប្រទេសចិន។

ក្រុមហ៊ុនរដ្ឋចិន ដែលទិញយកគម្រោងទាំងនេះ នឹងជាអ្នកទទួលខុសត្រូវចំពោះការសាងសង់ និងការប្រគល់លំនៅដ្ឋានជូនពលរដ្ឋ ជាអ្នកទិញ ហើយប្រាក់ចំណូល ដែលសេសសល់ពីការលក់អចលនទ្រព្យ នឹងត្រូវប្រើប្រាស់ ដើម្បីទូទាត់សងដើមទុនដំបូងដែលក្រុមហ៊ុន Evergrande បោះទុន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here