មហាយក្សចិន ធ្វើកំណែទម្រង់ស៊ីជម្រៅលើការបោះផ្សាយមូលបត្រដើម្បីទប់ស្កាត់ និងដោះស្រាយហានិភ័យ

ដោយៈសុខុម

សៀងហៃ: និយ័តករមូលបត្របំណុលនៃប្រទេសចិន នឹងធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ លើការបោះផ្សាយមូលបត្របំណុល ហើយពង្រឹងការធ្វើនិយ័តកម្ម ដើម្បីទប់ស្កាត់ ព្រមទាំងដោះស្រាយហានិភ័យខកខានទូទាត់សងបំណុលមូលបត្រ។ នេះយោងតាមកំណត់ហេតុនៃកិច្ចប្រជុំមួយ ដែលបង្ហោះលើគេហទំព័រស្ថាប័ននិយ័តករ កាលពីថ្ងៃសៅរ៍ ទី១៩កុម្ភៈ​កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងសន្និសីទស្ដីពី ការងារត្រួតពិនិត្យមូលបត្របំណុលឆ្នាំ២០២២ (2022 Bond Supervision Work Conference) របស់ខ្លួនកាលពីថ្ងៃសុក្រ ទី១៨ កុម្ភៈ គណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) បានអំពាវនាវឱ្យមានការបើកចំហ និងតម្លាភាពជាងមុន ហើយបានប្ដេជ្ញាធ្វើកំណែទម្រង់ស៊ីជម្រៅ លើប្រព័ន្ធចុះបញ្ជី សម្រាប់ការបោះផ្សាយមូលបត្របំណុល។

ទោះជាយ៉ាងណា កំណត់ហេតុនេះ មិនបានបញ្ជាក់លម្អិតអំពីវិធានការជាក់លាក់ ដែលគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន នឹងចាត់នោះឡើយ។ គណៈកម្មាធិការនេះគ្រាន់តែលើកឡើងថា ខ្លួននឹងធ្វើការកែលម្អយន្តការនិយ័តកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងការអនុវត្តយុទ្ធសាស្ត្រជាតិនានាឱ្យកាន់តែល្អប្រសើរ។

គណៈកម្មាធិការនិយ័តកម្មមូលបត្ររបស់ប្រទេសចិន បានលើកឡើងថា បរិយាកាសខាងក្នុង និងខាងក្រៅនាពេលបច្ចុប្បន្ន របស់ប្រទេសចិន មានភាពស្មុគ្រស្មាញខ្លាំង ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសចិន និងនិន្នាការអភិ​វឌ្ឍន៍រយៈពេលវែងរបស់ខ្លួន នៅតែរីកចម្រើនប្រកបដោយស្ថិរភាព និងគ្មានការប្រែប្រួល។

ក្រុមហ៊ុនវាយតម្លៃកម្រិតគុណភាពឥណទានអាមេរិក Fitch Ratings បាននិយាយកាលពីចុងខែមករា ថា ខ្លួនរំពឹងថា អត្រាខកខានទូទាត់សងថ្លៃមូលបត្របំណុល ក្រុមហ៊ុនរបស់ប្រទេសចិន នឹងកើនឡើងនៅក្នុងឆ្នាំ២០២២ នេះដោយសារបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជន។

រដ្ឋាភិបាលចិន បានចាត់វិធានការរឹតបន្តឹង លើបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ព្រោះវិស័យអចលនទ្រព្យរបស់ខ្លួន ជាវិស័យមួយដែលជិះសេះលែងដៃ ឬធូររលុងជាងគេ។ ជាលទ្ធផលនៃវិធានការក្ដៅនេះ បានធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យចិន គ្រាក់ៗយ៉ាងច្រើនជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ​៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here