៤ចំណុចគួរសិក្សាមុនចាប់ផ្តើមបើកអាជីវកម្មខ្នាតតូច

ដោយៈ សុផារី

ភ្នំពេញៈ អាជីវកម្មខ្នាតតូចភាគច្រើន មិនត្រូវការដើមទុនច្រើន មិនត្រូវការទីតាំងធំ មិនត្រូវការបុគ្គលិកច្រើន មានតែម្នាក់ឯងក៏អាចរកស៊ីបាន បើកនៅផ្ទះក៏បាន។

យ៉ាងណាក្តី មុនពេលបើកអាជីវកម្មខ្នាតតូចបាន យើងគួរឬពិចារណាលើ៤ចំណុច ដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. សរសេរផែនការអាជីវកម្ម
ប្រសិនជាអ្នកទើបតែចាប់ផ្ដើមអាជីវកម្ម ខ្នាតតូចដំបូងៗ អ្នកត្រូវតែចេះកំណត់គោលដៅអាជីវកម្ម និងរៀបចំផែនការអាជីវកម្មរបស់អ្នកឱ្យបានល្អិតល្អន់ ដោយផ្ដើមចេញពីការកំណត់តម្លៃផលិតផល ការវេចខ្ចប់ ការផ្ដល់សេវាកម្មទៅកាន់អតិថិជន។ល។ ម៉្យាងទៀត អ្នកគួរតែមើលទាក់ទងនឹងការចុះបញ្ជីអាជីវកម្មស្របច្បាប់ ដើម្បីប្រាកដថាគ្មានបញ្ហាអ្វីទេ បន្ទាប់ពីអ្នកបើកអាជីវកម្មហើយ។

២. ស្គាល់ពីអតិថិជនគោលដៅ (Target customer)
អ្នកគប្បីស្គាល់ពីអតិថិជនគោលដៅ ដើម្បីអាចកំណត់យុទ្ធសាស្រ្ដទីផ្សារ និងបង្កើតយុទ្ធនាការទីផ្សារមានប្រសិទ្ធភាព សម្រាប់អាជីវកម្មរបស់អ្នក។ ការស្គាល់ពីអតិថិជនគោលដៅរបស់ខ្លួន អនុញ្ញាតឱ្យអ្នកសិក្សាបន្ថែមពីពួកគេថា គេត្រូវការផលិតផលឬសេវាកម្មបែបណា តាមរយៈការស្វែងយល់ពីភេទ វ័យ ចំណង់ចំណូលចិត្ត អាកប្បកិរិយាអ្នកប្រើប្រាស់ ប្រភពចំណូលរបស់ពួកគេជាដើម។

៣. ត្រៀមយុទ្ធនាការផ្សព្វផ្សាយ
ការផ្សាយពាណិជ្ជកម្ម មានសារៈសំខាន់សម្រាប់គ្រប់អាជីវកម្ម សូម្បីអាជីវកម្មខ្នាតតូចក៏ដោយ។ អ្នកគួរតែស្រាវជ្រាវពីទីផ្សារ និងជ្រើសរើសយុទ្ធសាស្រ្ដផ្សព្វផ្សាយអំពីម៉ាក ផលិតផល ឬសេវាកម្មរបស់អាជីវកម្ម តាមបណ្ដាញសង្គមផ្សេងៗ ដូចជា Facebook Instagram និង TikTok ដើម្បីទាក់ទាញឱ្យមនុស្ស បានស្គាល់ពីអាជីវកម្មរបស់អ្នកឲ្យបានច្រើន។

តួយ៉ាង អ្នកអាចអនុវត្តការផ្សព្វផ្សាយ ដោយប្រើប្រាស់រូបភាពឬបង្កើតវីដេអូដែលមានភាពច្នៃប្រឌិត និងគួរឱ្យចាប់អារម្មណ៍ ការប្រកាសពីថ្ងៃបើកសាកល្បង ឬថ្ងៃសម្ពោធហាងដោយមានការបញ្ចុះតម្លៃ ការចែករង្វាន់អនុស្សា​វរីយ និងប្រូម៉ូសិនផ្សេងៗចំពោះអតិថិជន។

៤. កំណត់និងកៀងគរដើមទុនសម្រាប់អាជីវកម្ម
នេះជាចំណុចសំខាន់ជាងគេ។ បើគ្មានទុនគ្រប់គ្រាន់ គម្រោងការទាំងប៉ុន្មានក៏មិនអាចប្រព្រឹត្តទៅបានដែរ។ អ្នកត្រូវដឹងអាជីវកម្មរបស់អ្នកត្រូវការដើមទុនប៉ុន្មាន និងត្រូវចំណាយលើអ្វីខ្លះ ដើម្បីងាយស្រួលរៀបចំកញ្ចប់ថវិកាសម្រាប់អាជីវកម្មរបស់អ្នក ឱ្យនៅតែអាចបន្តទៅមុខ។

ឧទាហរណ៍ ការត្រៀមថវិកាសម្រាប់ចំណាយ លើតម្លៃទំនិញនាំចូល ឬវត្ថុធាតុដើម ថ្លៃចំណាយលើសម្ភារៈលម្អ ឬសម្រាប់ដាក់តាំងទំនិញ។ល។

ការចាប់ផ្ដើមរកស៊ីដំបូង អាចទាមទារឱ្យអ្នកត្រូវគិតគូ លើសពី៤ចំណុចខាងលើនេះ រួមជាមួយមេរៀន និងបទពិសោធន៍ពីការអនុវត្តជាក់ស្ដែង។ ហេតុនេះហើយ អ្នកគប្បីខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីអាចត្រៀមខ្លួនបានកាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here