ដោយ៖សុផារី
សៀមរាប៖ ក្រោយសម្រេចដកហូតការគ្រប់គ្រងផែទេសចរណ៍ ស៊ូ ជីង ដែលអភិវឌ្ឍតំបន់ទេសចរណ៍ចុងឃ្នៀសបឹងទន្លេសាប នៅដំណាច់ខែកក្កដា ឆ្នាំ២០២១ គ្រឹះស្ថានអង្គរបានចាប់អនុវត្តការលក់សំបុត្រជិះទូក ទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ស្ដីពីការដាក់ឱ្យអនុវត្តលក់សំបុត្រ ជិះទូកទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាប ក្នុងតម្លៃ៧ដុល្លារចំពោះភ្ញៀវទេសចរម្នាក់។
តម្លៃសំបុត្រ មាន ៧ដុល្លារក្នុងភ្ញៀវទេសចរមួយនាក់ (អាយុចាប់ពី១២ឆ្នាំឡើងទៅ រួមទាំងភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ) ទូកតូចចំណុះ៨នាក់ (សំបុត្រ៤ឡើងទៅទើបទូកចេញដំណើរ) និងទូកធំចំណុះ៤៥នាក់ (សំបុត្រ៩ឡើងទៅទើបទូកចេញដំណើរ)។
រហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ បានបើកឱ្យដំណើរការលក់សំបុត្រ ដែលមានកាណូតដឹកភ្ញៀវទេសចរណ៍ប្រមាណជាង ៣០០ទូកហើយ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានណែនាំដល់ក្រុមការងារចម្រុះ កែប្រែកំពង់ផែនេះឱ្យក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៍ដែលមានភាពទាក់ទាញបំផុត។
យន្តការក្នុងការគ្រប់គ្រងកំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ៕