រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ៖​ កម្ពុជាជាតំបន់សុវត្ថិភាពក្នុងការបើកការហោះហើរឡើងវិញ

ដោយ៖ សុផារី

ភ្នំពេញ៖​ លោក Vivian Bala krishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២នេះ បាន​មាន​ប្រសាសន៍ថា កម្ពុជាជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ ហើយ​អ្នកវិនិយោគសិង្ហបុរីមានចំណាប់អារម្មណ៍មកវិនិយោគនៅ​កម្ពុជា​ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ និង​វិស័យដឹកជញ្ជូនផងដែរ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រីកម្ពុជា លោក វីវៀន បានថ្លែងអំណរសាទរជូន ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក។

លោក​ វីវៀន ក៏បានសំដែងនូវអំណរសាទរជូនសម្ដេចតេជោផងដែរ ដែលបានទទួលនូវជោគជ័យយ៉ាងត្រចះត្រចង់នៅ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ នៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ នេះគឺជាកត្តាដែលអនុញ្ញាតឱ្យ​កម្ពុជាអាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស។​

លោក​បាន​បន្តថា អ្នកវិនិយោគសិង្ហបុរី ក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងព្រះរាជាណា ចក្រកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ ។ ក្នុងន័យនេះលោក​ វីវៀន បានគោរពជម្រាបជូនសម្ដេចតេជោថា សិង្ហបុរី បន្តគាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។

សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ លោក​ វីវៀន ដែលបានសំដែងនូវការអបអរជូនចំពោះសម្ដេច និងការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីលោក​នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណជូនសិង្ហបុរី ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជាជាតំបន់សុវត្ថិភាព ក្នុងការបើកការ ហោះហើរឡើងវិញ។

សម្ដេចតេជោ បានលើកទឹកចិត្តឱ្យ​មានការជំរុញការវិនិយោគ មកកម្ពុជាកាន់តែច្រើន ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យ​កាន់តែធំ និងពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here