ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនកើនដល់ ១ ១៧៥ លានដុល្លារក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ទិន្នន័យចុងក្រោយពីទីភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (Jetro) បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបាន ១ ១៧៥ លានដុល្លារក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ធ្លាក់ចុះ ៥,៧១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១ ២៤៦ លានដុល្លារ ។

ទំនិញដែលនាំចេញពីកម្ពុជាទៅជប៉ុនមានតម្លៃជិត ៩១៤,៤១ លានដុល្លារក្នុងរយៈពេល ៧ខែដំបូងនេះ ធ្លាក់ចុះ ៣ ភាគរយ ធៀបនឹង ៩៤២,៩៨ ពាន់លានដុល្លារកាលពីឆ្នាំ។ ការនាំចូលពីប្រទេសជប៉ុនមានតម្លៃ ២៦០,៧៣ លានដុល្លារធ្លាក់ចុះ ១៤,០៦ ភាគរយធៀបនឹងឆ្នាំមុនមានតម្លៃ ៣០៣,៤ លានដុល្លារ។

លោក ម៉ាសាហ៊ីរ៉ុ មិខាមិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនកាលពីសប្តាស៍មុន បានកោតសសើរកម្ពុជា រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងសំណូមពររបស់អ្នកវិនិយោគជប៉ុនដែលបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំ និងផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគគ្រប់រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក មានជំនឿថា កម្ពុជា-ជប៉ុន នឹងសម្រេចបាននូវការឯកភាពគ្នាមួយនាពេលខាងមុខឆាប់ៗនេះ ក្នុងការសម្របសម្រួលការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា-ជប៉ុនដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគស្របតាមស្មារតីនៃកិច្ចពិភាក្សារវាងសម្តេចតេជោ និង លោក ម៉ូតេហ្គី តូស៊ីមីសឹ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០កន្លងមកនេះ។

កម្ពុជា-ជប៉ុន បានប្តេជ្ញានឹងបន្តសហការគ្នាខិតខំដោះស្រាយចំពោះរាល់បញ្ហាដែលនៅមានសេសសល់ ជំរុញការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកបានទាន់ពេលវេលាសម្រួលបែបបទនីតិវិធីឱ្យកាន់តែសាមញ្ញ និងឆាប់រហ័ស ដើម្បីឱ្យគម្រោងវិនិយោគដែលកំពុងដំណើរការមានសកម្មភាពកាន់តែល្អប្រសើរ ធានាបានការប្រកួតប្រជែង និងភាពឈ្នះឈ្នះដែលនេះជាការចូលរួមជួយទ្រទ្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព។

គិតត្រឹមខែកក្កដា ឆ្នាំ ២០២០ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៤ គម្រោងក្នុងនោះទុនវិនិយោគសរុបចំនួន ២,៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក ។

ទិន្នន័យបានបង្ហាញថា គម្រោងភាគច្រើនផ្តោតទៅថាមពល ការប្រមូលផ្តុំគ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត ឧស្សាហកម្ម កសិឧស្សាហកម្ម កែច្នៃអាហារ បដិសណ្ឋារកិច្ច សុខភាព និងផ្នែកលក់រាយ។
ទិន្នន័យរបស់Jetro បង្ហាញថា ការនាំចេញរបស់កម្ពុជាទៅជប៉ុនបានកើនឡើងដល់ ១,៧ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៧,៧ ភាគរយពីឆ្នាំ ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here