ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ប្រធានអគ្គិសនីកម្ពុជាលោកកែវ រតនៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា បានចំណាយថវិកាទិញអគ្គិសនី ពីប្រទេសឡាវប្រមាណ ១០០លានដុល្លារក្នុង១ឆ្នាំ ដើម្បីផ្គត់ផ្គង់ភ្លើងក្នុងស្រុក។

ក្រៅពីប្រទេសឡាវ កម្ពុជា ក៏ទិញអគ្គិសនីពីប្រទេសថៃ និងវៀតណាមផងដែរ។ ប៉ុន្តែកម្រិតនៃការទិញអគ្គិសនីពីក្រៅប្រទេសនេះ គឺក្រោម២៥% ប្រចាំឆ្នាំ។
លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា (EDC) មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការកំណត់នៃការនាំចូលអគ្គិសនី មិនឲ្យលើស២៥%នេះ ដោយសារដើម្បីរក្សាសន្តិសុខថាមពលរបស់ជាតិ។ លោកបន្តថា រដ្ឋខិតខំបង្កើនថាមពលក្នុងស្រុក មានន័យថាថាមពលពីខាងក្រៅ គ្រាន់តែជាថាមពលបំពេញបន្ថែមឲ្យថាមពលក្នុងស្រុក មិនមែនជាការជំនួសនោះទេ ពោលគឺឆ្អឹងខ្នងធំនៅតែជាផលិតផលក្នុងស្រុក។

ការនាំចូលអគ្គិសនីពីខាងក្រៅនេះ គឺទី១ បំពេញបន្ថែមការខ្វះខាត និងទី២ បន្ថយការប៉ះពាល់បរិស្ថាន។
លោកពន្យល់ថា “បើសិនជាយើងធ្វើទាំងអស់ យើងត្រូវទៅបិទទន្លេ បិទភ្នំ ការបិទទន្លេ បិទភ្នំ លុះត្រាតែចាំបាច់ ដែលមានប្រយោជន៍ខ្លាំងដល់ជាតិទើបរដ្ឋធ្វើ បើមិនចាំបាច់ខ្លាំងទេ យើងយកពីគេមកតិចតួច ដើម្បីបំពេញបន្ថែម ជៀសវាងការធ្វើឲ្យប៉ះពាល់បរិស្ថាន ធ្វើដូចនេះគឺចំណេញជាង”។

ប្រធានអគ្គិសនី បានឲ្យដឹងទៀតថា ទោះជាប្រទេសជិតខាងលក់អគ្គិសនីឲ្យកម្ពុជា ប៉ុន្តែប្រទេសទាំងនោះ ក៏នៅតែទិញភ្លើងពីប្រទេសជិតខាងគេដែរ ដូចជា វៀតណាមលក់ភ្លើងឲ្យកម្ពុជា ប៉ុន្តែប្រទេសនេះ ក៏ទិញភ្លើងពីឡាវ ចិន បន្ថែម។ ចំណែកថៃលក់ភ្លើងឲ្យកម្ពុជា តែថៃក៏ទិញភ្លើងពីឡាវ និងភូមាជាដើម។ រីឯឡាវ លក់ភ្លើងឲ្យកម្ពុជា តែឡាវខ្លួនឯង ក៏ទិញភ្លើងអគ្គិសនីពីថៃផងដែរ។ ចរន្តនៃការដោះដូរថាមពលនេះ គឺដើម្បីចំណេញទៅចំណេញមក៕







