ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីមួយប្រកាសដំណើរការអាជីវកម្មនៅទីផ្សារកម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្រុមហ៊ុនតាបតាបសេន ( TAPTAP Send ) បានប្រកាសជាផ្លូវការពីសេវាកម្មរបស់់ខ្លួន នៅកម្ពុជា ជាមួយនឹងការផ្ទេរប្រាក់ដោយឥតគិតថ្លៃសេវា ដើម្បីបម្រើសេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេសកាន់តែងាយស្រួល។

នៅក្នុងពិធីដាក់ប្រកាសដំណើរការជាផ្លូវការ កាលពីល្ងាចថ្ងៃទី៩ កុម្ភៈ២០២២ កញ្ញា ព្រាប មុន្នី អគ្គនាយិការគ្រប់គ្រង និងជាសហស្ថាបនិករបស់ក្រុមហ៊ុនតាបតាបសេនកម្ពុជា មានប្រសាសន៍ថា ជាមួយចក្ខុវិស័យចំបងរបស់យើង គឺប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីតភ្ជាប់ទំនាក់ទំនងពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ហើយនេះជាហេតុផលដែលយើងខិតខំប្រឹងប្រែងពង្រីកខ្លួន និងបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ញាបន្តថា យើងចង់បង្ហាញការគាំទ្រ និងផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា ដោយសារតែពួកយើងធ្វើវាឡើង ដើម្បីប្រជាជនកម្ពុជានិងជាមួយប្រជាជនកម្ពុជា ទោះបីពួកយើងនៅរស់នៅក្រៅប្រទេសក៏ដោយ។បន្ថែមពីនេះ តាបតាបសេន ផ្តល់សេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃ ហើយងាយស្រួលនិងឆាប់រហ័សបំផុត ។

កញ្ញាបានបន្តថា “ដោយមានបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការផ្ទេរប្រាក់មានលក្ខណៈពិបាក ពីប្រទេសបារាំងមកក្រុមគ្រួសារ នៅប្រទេសកម្ពុជា ដូច្នេះហើយទើបបានយកសេវាកម្មនេះ មកកម្ពុជាហើយសង្ឃឹមថា នឹងជួយសម្រួលក្នុងការផ្ញើប្រាក់ ពីប្រទេសបារាំងមកប្រទេសកម្ពុជា”។

កញ្ញាបន្ថែមថាការផ្ទេរប្រាក់ ពីប្រទេសបារាំងបានបើកដំណើរការដោយជោគជ័យ ដោយអ្នកផ្ទេរប្រាក់ពីប្រទេសបារាំង អាចផ្ញើបា្រក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ នៅប្រទេសកម្ពុជាភ្លាមៗ ដោយអាចដកប្រាក់តាមរយៈភ្នាក់ងារវីង ដែលជាដៃគូសហការ។

ជាមួយនឹងភាពងាយស្រួលបំផុត អ្នកផ្ញើប្រាក់គ្រាន់តែទាញយកកម្មវិធីតាបតាបសេនពី App Store ឬ google play store មកប្រើជាការស្រេច។បន្ថែមពីនេះ កញ្ញាព្រាប មុន្នីបានប្រកាសពីការផ្តល់ ប្រូម៉ូសិនពិសេស ទៅកាន់អ្នក ដែលបានផ្ញើបា្រក់ពីប្រទេសបារាំង និងអ្នកទទួលប្រាក់នៅកម្ពុជាដំបូងគេ នឹងមានឱកាសឈ្នះបាននូវរង្វាន់ កងដៃម៉ាក Hermes ដែលមានការចាប់ឈ្មោះពីកញ្ញាផ្ទាល់ផងដែរ។ សម្រាប់ព័ត៍មានប្រូម៉ូសិន នឹងបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ Taptap Send Cambodia ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីកំណើននៃការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល ក្នុងប្រទេសកាន់តែខ្ពស់ ជាពិសេសនៅក្នុងពេលដែលមនុស្សពិបាក ក្នុងការជួបប្រាស្រ័យទាក់ទងគ្នាផ្ទាល់ ដោយ​សារតែ​កូវីដ១៩។ ទៅថ្ងៃអនាគត មធ្យោបាយទូទាត់ផ្ទេរប្រាក់ នឹងត្រូវធ្វើឡើងតាមបច្ចេកវិទ្យាកាន់តែច្រើនឡើងៗ ស្របពេលចំណេះដឹងលើផ្នែកនេះរបស់ប្រជាពលរដ្ឋកម្ពុជាក៏កាន់តែទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here