លោកស៊ុន ចាន់ថុលៈរដ្ឋាភិបាលត្រូវធ្វើការងារអាទិភាពចំនួន៤ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់

ដោយៈ សុផារី

ភ្នំពេញៈ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់បាន ត្រូវធ្វើការងារអាទិភាពចំនួន៤។

ថ្លែងក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីគោលដៅ នៃការអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យមានការរីកចម្រើន និងប្រកបដោយភាព សម្បូរបែប គឺដើម្បីប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិ​តខ្ពស់ នៅឆ្នាំ២០៣០ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតជោនាយករដ្ឋមន្ត្រី។

លោកបានមានប្រសាសន៍ថា “ដើម្បីយើងអនុវត្តន៍ផែនការគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥បាន ដើម្បីឱ្យ ប្រទេសជាតិយើងប្រែក្លាយជាប្រទេស ដែលមានចំណូលខ្ពស់បាន យើងត្រូវមានការងារអាទិភាពចំនួន៤ ដែលត្រូវធ្វើ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា ការងារអាទិភាពទី១ .ត្រូវបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ទើបទាក់ទាញអ្នកវិនិយោគ មកដាក់ទុននៅកម្ពុជាយើងបានកាន់តែច្រើន។ ទី២ ត្រូវមានធនធានមនុស្សល្អ គ្រប់គ្រាន់ ដើម្បីចូលរួមកសាងប្រទេសជាតិ ទី៣ ត្រូវបញ្ចុះតម្លៃភស្តុភារកម្ម និងដឹកជញ្ជូន ដើម្បីទាក់ទាញអ្នកវិនិយោគមកដាក់ទុន នៅកម្ពុជាយើងបាន និងទី៤ រៀបចំខេត្តព្រះសីហនុ ទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ទើបយើងអាចឈានទៅរកគោលដៅ របស់យើងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០”។

លោកបានបន្ថែមថា គោលដៅរបស់វិទ្យាស្ថាន ក្នុងការបណ្ដុះបណ្ដា​លកូនខ្មែរ ឱ្យមានសមត្ថភាព មានចំណេះ ជំនាញច្បាស់លាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សំណង់ កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ព្រមទាំងឱ្យកូនខ្មែរមានទាំងចំណេះដឹង ទូលំទូលាយ មានអត្តចរិត និងសីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ដើម្បីឱ្យកូនខ្មែរជំនាន់ ក្រោយ ក្លាយជាអ្នកបន្តវេន ប្រកបដោយសក្តានុពលច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here