ដោយៈជេស៊ីកា
ភ្នំពេញៈ ការវិនិយោគដីធ្លី នៅតែមានប្រជាប្រិយភាព មានភាពសកម្មជាងគេ និងបន្តមានរយៈពេលវែងបន្ថែមទៀត ដោយសារកម្រិតនៃផលចំណេញពីការវិនិយោគនៅតែមានអត្រាខ្ពស់ ធៀបនឹងការវិនិយោគផ្នែកដទៃទៀត។
ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់ ដែលបានតាមដាន និងសិក្សាវិភាគលើវិស័យនេះបានឲ្យដឹងថា ការវិនិយោគដីធ្លីនៅជាយក្រុង និងតាមបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចធំៗ នៅតែមានការពេញនិយម ប៉ុន្តែថ្ងៃនេះ យើងសូមលើកយកនូវហេតុផលមួយចំនួន ដែលអ្នកវិនិយោគដីធ្លី នៅតែផ្តោតលើតំបន់ជាយក្រុងភ្នំពេញ ជាជាងនៅតាមបណ្តាខេត្តឆ្ងាយៗ។
លោកបានលើកឡើងនូវកត្តាសំខាន់ៗទាំង៥នេះ ដើម្បីអ្នកវិនិយោគអាចសិក្សាស្វែងយល់ និងយកទៅពិចារណា។
កត្តានគរូបនីយកម្ម
កត្តានគរូបនីយកម្ម ជាផ្នែកដ៏សំខាន់មួយ ដែលជួយធ្វើឲ្យតម្លៃដីធ្លីកើនឡើង និងមានតម្រូវការច្រើន ព្រោះនគរូបនីយកម្ម បានផ្សារភ្ជាប់យ៉ាងរសរវើក ជាមួយប្រជាសាស្រ្ត ជាមួយសេដ្ឋកិច្ច សំណង់ និងអចលនទ្រព្យនានានា។
កត្តានគរូបនីយកម្ម ក៏ចូលរួមចំណែកឆ្លុះបញ្ចាំង ពីការរីកចម្រើនសេដ្ឋកិច្ច សង្គម និងបរិស្ថានមនុស្ស និងធម្មជាតិផងដែរ។
ការហូរចូលនូវប្រជាជនថ្មី
តាមការសិក្សា របស់ស្ថាប័នអន្តរជាតិនានាបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ២៥ម៉ឺននាក់ បានហូរចូលមករស់នៅ រាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ដោយសារពួកគេស្វែងរកគុណតម្លៃជីវិត និងលើកកំពស់គុណភាពជីវិតប្រសើរជាងមុន ហើយនិន្នាការនេះបាន និងកំពុងកើតមាននៅគ្រប់បណ្តាទីក្រុងនានានៅលើពិភពលោក។
ការរីកចម្រើននៃនគរូបនីយកម្ម ដែលបានលើកឡើងខាងលើ ក៏ផ្សារភ្ជាប់ជាមួយនឹងកំណើន ប្រជាសាស្រ្តនៅក្នុងទីក្រុងផងដែរ ជាក់ស្តែងប្រជាជនកម្ពុជាជិត៧លាននាក់ បានរស់នៅតាមបណ្តាទីក្រុងនានា នៃខេត្តនិមួយៗ និងរាជធានីភ្នំពេញ (តួលេខរបស់ធនាគារពិភពលោកឆ្នាំ២០១៩)។
ក្នុងហេតុផលនេះហើយ ដែលក្រសួងមហាផ្ទៃ គ្រោងបង្កើតឲ្យមានទីក្រុងកាន់តែច្រើននៅតាមបណ្តាទីរួមស្រុកនានា ដើម្បីទាក់ទាញការវិនិយោគ និងជម្រុញកំនើននៃការអភិវឌ្ឍ។
ហេដ្ឋារចនាសម្ព័ន្ឋមានភាពងាយស្រួល
តាមធម្មតា នៅរាជធានី ឬរដ្ឋធានីរបស់ប្រទេសមួយ រដ្ឋាភិបាលតែងតែផ្តោតអាទិភាពលើការអភិវឌ្ឍទីក្រុងជាមុន មុនគិតទៅអភិវឌ្ឍន៍នៅតាមបណ្តាខេត្តដទៃទៀត ព្រោះរាជនិងរដ្ឋធានីរបស់ប្រទេសមួយ ជាមុខមាត់របស់ជាតិមួយ នៅនឹងភ្នែក ច្រមុះ ដែលឃើញមុនគេ។
ជាក់ស្តែងរាជធានីភ្នំពេញបាន និងកំពុងពង្រីកជាបន្តបន្ទាប់ និងគ្រោងពង្រីកបន្ថែមទៀតក្នុងរង្វង់ជុំ៣០គីឡូម៉ែត្រ ដូច្នេះនៅពេលទីក្រុងរីក ហេដ្ឋារចនាសម្ព័័ន្ឋធំៗនឹងទៅដល់ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវ ទឹក អគ្គិសនីនឹងទៅដល់មុនគេ តាមរយៈការវិភាជថវិកាជាតិរបស់រដ្ឋាភិបាល។
តំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច
ជាកត្តាសត្យានុម័ត នៅទីណាមានមនុស្សរស់នៅច្រើន ជាកន្លែងដែលសកម្មភាពសេដ្ឋកិច្ចមានភាពរសរវើកជាងគេ និងមានចរន្តទិញលក់ សកម្មជាងគេ ពិសេសតម្លៃដីធ្លីនឹងកើនខ្ពស់ជាងគេផងដែរ។
មានមនុស្សមានសកម្មភាពសេដ្ឋកិច្ច មានមនុស្សមានច្រវ៉ាក់ផលិតកម្ម មានមនុស្សរស់នៅច្រើនតម្រូវការដីធ្លី និងទំនិញដទៃទៀតនឹងកើនឡើងផងដែរ។
ជាក់ស្តែងតំបន់ជាប់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ កាលពី៥ឆ្នាំមុន ជាតំបន់ស្ងាត់ ដីធ្លីគ្មានតម្លៃ និងគ្មានមនុស្សរស់នៅ ប៉ុន្តែបច្ចុប្បន្ននេះតម្លៃដីធ្លីបានកើនឡើង ដោយសារចរន្តមនុស្សទៅរស់នៅកាន់តែច្រើន ស្របពេលរោងចក្រ ឧស្សាហកម្ម ការសាងសង់លំនៅដ្ឋាន និងបុរីនានាបានកើតមានព្រោងព្រាត។
តំបន់ងាយទទួលរងឥទ្ឋិពល
វាប្រៀបបីដូចឪពុក ម្តាយ កាលណាមានមនុស្សច្រើន តែងតែជួយកូនសិក្សា រៀនសូត្រ ដើម្បីអភិវឌ្ឍន៍៍សមត្ថភាព ក៏ដូចជាចែកធនធានដល់បុត្រ ធីតារបស់ខ្លួនហើយ។
តំបន់ជាយក្រុងក៏ដូចគ្នាផងដែរ កាលពីទីក្រុងមានការរីកចម្រើនលឿន នឹងជះឥទ្ឋិ ពលទៅកាន់តំបន់ជាយក្រុង ដោយស្វ័យប្រវត្តិទាំងហេដ្ឋារចនាសម្ព័ន្ឋ សកម្មភាពសេដ្ឋកិច្ចលំហូរមូលធន ដោយសារការកើនឡើងនូវចំនួនមនុស្ស ដែលស្វែងរកឧត្តមភាពជីវិត ក៏ដូចជា ស្វែងរកគុណភាពជីវិតមានភាពប្រសើរជាងមុន៕