ការអភិវឌ្ឍតំបន់លំហែកាយឃើញនឹងមានកំណើនខ្ពស់នៅឆ្នាំនេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍដី និងផ្ទះលំហែរ នៅក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថា កាន់តែមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅក្នុងឆ្នាំ២០២២នេះ ការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ ក៏ត្រូវបានមើលឃើញថា មានសកម្មភាពកាន់តែច្រើនផងដែរ ដែលធ្វើឱ្យតម្រូវការដីសម្រាប់អភិវឌ្ឍន៍ក៏កាន់តែច្រើន។

ជាការកត់សម្គាល់អ្នកអភិវឌ្ឍន៍ដីឡូត៏ និងផ្ទះលំហែកាយខ្នាតតូចធំបាននិងកំពុងសម្រុកអភិវឌ្ឍន៍ ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសពីការបើកប្រទេស និងបើកសកម្មភាពសេដ្ឋកិច្ច កាន់តែទូលាយឡើងវិញ ក្នុងនោះខេត្ត ដែលមានសក្ដានុពលខ្ពស់លើវិស័យនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ និងមានការរៀបចំដីសម្រាប់អភិវឌ្ឍន៍កាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានមើលឃើញថា ក្នុងបរិបទកូវីដ១៩គឺជាបទពិសោធន៍មួយ សម្រាប់អ្នកមានលុយ ហើយចូលចិត្តដើរលេង តែពួកគាត់មិនអាចដើរលេងបាន ដោយសារតែវិធានការរឹតបន្តឹងចេញចូលក្រៅប្រទេស ដូច្នេះអ្នកមានលុយក៏បានបង្វែរ ទៅរកការធ្វើដំណើរកម្សាន្តក្នុងប្រទេសវិញ ធ្វើឱ្យតម្រូវការនៃការអភិវឌ្ឍលំនៅឋានលំហែកាយ នៅកម្ពុជាជាពិសេសនៅខេត្ត ដែលមានសក្ដានុពលទេសចរណ៍ មានតម្រូវការខ្ពស់ជាងមុន។

លោក ប៊ូ សេងហួ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា ការអភិវឌ្ឍទៅលើតំបន់លំហែរកាយនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានមើលឃើញថា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ និងមានគម្រោងអភិវឌ្ឍន៍ដីលំហែកាន់តែច្រើន ដោយពួកគេបានយកដីចំការពុះជាឡូត៏ ដែលមានទំហំធំៗហើយលក់ជូនអតិថិជន ដើម្បីអភិវឌ្ឍន៍ជាផ្ទះលំហែកាយ និងដាំដំណាំជុំវិញផ្ទះជាដើម ។

លោកបន្តថា “ទីតាំងដែលមើលឃើញថា ទទួលបានការអភិវឌ្ឍជាតំបន់លំហែគេមើលឃើញថា ងាកទៅតំបន់ភ្នំ ដូចជា នៅជិតតំបន់ពេជ្រនិល តំបន់គីរីរម្យ ជាពិសេសនៅតំបន់ដែលនៅជិតកន្លែងកម្សាន្តច្រើន”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា ជាច្រើនក៏បានឱ្យដឹងថា ការអភិវឌ្ឍតំបន់លំហែរ នៅក្នុងប្រទេសកម្ពុជា នឹងកាន់តែមានការពេញនិយមខ្លាំង នៅពេលដែលកំណើនប្រាក់ចំណូលរបស់ពលរដ្ឋ ក្នុងប្រទេសកម្ពុជាកាន់តែកើនឡើង ហើយមានផ្ទះផ្ទាល់ខ្លួនមួយជាអចិន្ត្រៃយ៍។ ពលរដ្ឋកម្ពុជាកាន់តែច្រើននឹងស្វែងរកផ្ទះទី២ ដើម្បីសម្រាកកម្សាន្តនៅក្នុងពេលសម្រាកពីការងារឬនៅថ្ងៃចុងសប្ដាហ៍។

គំរោងដីឡូត៍ និងផ្ទះលំហែរកាយបែបរមណីយដ្ឋាន បាននិងកំពុងរីកចម្រើនខ្លាំង ខេត្តកំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុងជាដើម។

ជាក់ស្តែងគំរោងគំរោង Green Zone Residence ស្ថិតនៅក្បែរតំបន់ផ្លូវជាតិលេខ៥១ កំពុងទទួលបានការចាប់អារម្មណ៍ជាមួយម៉ូតផ្ទះ និងហេដ្ឋារចនាសម្ព័ន្ឋដែលបានរៀបចំមានដូចជាសួនច្បារ សួនកំសាន្ត ដើមឈើ ដែលធ្វើឲ្យអ្នករស់នៅ ផ្សារភ្ជាប់ជាមួយនឹងបរិស្ថានបៃតង និងខ្យល់អាកាសបរិសុទ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here