ដោយៈលក្ខិណា
ភ្នំពេញៈ ការបង្កើតអាជីវកម្មអ្វីមួយ តែងតែជួបនូវបញ្ហាឬឧបសគ្គ មិនថាអាជីវកម្មទើបបង្កើតថ្មី ឬអាជីវកម្មមានយូរមកហើយនោះទេ ដូច្នេះការដឹងពីចំណុចខ្សោយ នៃអាជីវកម្មរបស់ខ្លួនវា នឹងជំរុញឱ្យអាជីវកម្មប្រសើរឡើងវិញ។
ថ្ងៃនេះយើងនឹងលើកយកពីចំណុចខ្សោយទាំង៤ ដែលគួរយល់ដើម្បីជាទុនក្នុងការដោះស្រាយ និងធ្វើវាឱ្យខ្លាំងឡើងវិញ។
– ហិរញ្ញវត្ថុ
អ្នកគ្រប់គ្រងអាចសង្កេតពីចំណុចខ្សោយ របស់ក្រុមហ៊ុនចំពោះបញ្ហាហិរញ្ញវត្ថុបាន នៅពេលមានបញ្ហាមួយចំនួន ដូចជា បញ្ហាដែលទាក់ទងទៅនឹង Fix profit (ប្រាក់ចំណេញសុទ្ធ) មានការធ្លាក់ចុះ ទាំងដែលប្រាក់ចំណូល ដែលបានមកពីការលក់ មិនសូវមានការប្រែប្រួល ឬមានការកើនឡើង។ ដូច្នេះអ្នកគ្រប់គ្រង អាចចាប់ផ្ដើមត្រួតពិនិត្យឡើងវិញ ទៅលើផែនការហិរញ្ញវត្ថុ ដូចជា លំហូរសាច់ប្រាក់នៃក្រុមហ៊ុន ដែលរួមមានព័ត៌មានលម្អិតនៃចំណូលចំណាយជាដើម ដើម្បីស្វែងរកបញ្ហាដែលប៉ះពាល់ទៅដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
– ឧបករណ៍សម្រាប់ជំរុញដំណើរការអាជីវកម្ម
វាអាចមានអគារការិយាល័យ កុំព្យូទ័រ ប្រព័ន្ធសេវាកម្មអ៊ីនធើណេតជាដើម។ ភាគច្រើនយើងអាចសង្កេតចំណុចខ្សោយ ដែលកើតឡើងនៅក្នុងចំណុចនេះ អាចមកពីលទ្ធផល ការងាររបស់បុគ្គលិកមានការថយចុះ ឬមិនមានភាពប្រសើរឡើ ងនៃលទ្ធផលការងាររបស់បុគ្គលិក។
ដើម្បីរកបញ្ហារបស់វា អ្នកគ្រប់គ្រងអាចសិក្សា ទៅលើរឿងមួយចំនួន ដែលទាក់ទងទៅនឹងសម្ភារៈ ឬឧបករណ៍សម្រាប់ប្រតិបត្តិការក្នុងអង្គភាពថា តើមានសម្ភារៈ ឬឧបករណ៍ណាមួយដែលធ្វើឱ្យ មានឧបសគ្គចំពោះបុគ្គលិក ក្នុងការប្រតិបត្តិការងារ? ឧទាហរណ៍ បុគ្គលិកធ្វើការយឺតដោយសារ កំព្យូទ័រគាំង និងដើរយឺតជារៀងរាល់ថ្ងៃ។
– ធនធានមនុស្ស
ក្រុមហ៊ុនមួយអាចដឹងថា កំពុងខ្វះធនធានមនុស្ស តាមរយៈល្បឿននៃការរីកចម្រើនរបស់ក្រុមហ៊ុន ទៅលើផ្នែកណាមួយឬទាំងមូល ឬពេលខ្លះការជាប់គាំងទៅលើបញ្ហាណាមួយ ដែលត្រូវការអ្នកមានជំនាញផ្នែកនោះមកដោះស្រាយ ឬមកធ្វើឱ្យបញ្ហាមួយនោះមានភាពប្រសើរឡើង។
អ្នកគ្រប់គ្រងអាជីវកម្មគួរតែពិនិត្យ និងពិចារណាឡើងវិញលើចំណុចនេះថា គួរតែរកធនធានមនុស្សបន្ថែម ឬអ្នកជំនាញមកអនុវត្តការងារទាំងនោះ ឬក៏ចាប់ផ្ដើមជំរុញឱ្យបុគ្គលិក ធ្វើការត្រូវទៅតាមជំនាញរបស់ពួកគេ ឬធ្វើអ្វីមួយដែលពួកគេចង់ធ្វើ។ លើសពីនេះ វាពិតជាសំខាន់ណាស់ ក្នុងការដាក់បុគ្គលិកឱ្យត្រូវតាមជំនាញ ដែលរឿងទាំងនេះ ត្រូវការការជំរុញទឹកចិត្តពីសំណាក់អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្ម។
ជាពិសេស ស្ថាប័នគួរផ្ដល់នូវការបណ្ដុះបណ្ដាល វគ្គខ្លីណាមួយសម្រាប់បុគ្គលិក ដើម្បីពង្រឹងសមត្ថភាពពួកគេ។
– ផែនការធុរកិច្ច
ចំណុចខ្សោយនៃផែនការធុរកិច្ចភាគច្រើន អាចសង្កេតបានតាមរយៈប្រតិបត្តិការ មានការរអាក់រអួលច្រើន និងលទ្ធផលខុសពីការរំពឹងទុកខ្លាំង។ នេះពិតជាកត្តាមួយសំខាន់ខ្លាំងណាស់ ប្រសិនបើផែនការធុរកិច្ចរបស់អ្នកបានសរសេរឡើងបានយ៉ាងល្អ និងល្អិតល្អន់ នោះវានឹងជួយឱ្យការប្រតិបត្តិការរបស់អាជីវកម្មរបស់អ្នក មានភាពរលូន និងមានលទ្ធផលដែលមានប្រសិទ្ធភាពខ្ពស់ដូចគ្នា។
ប៉ុន្តែប្រសិនបើអ្នកគិតថា ក្រុមហ៊ុនរបស់អ្នក កំពុងជួបប្រទះបញ្ហានេះ អ្នកគួរត្រួតពិនិត្យមើល ផែនការធុរកិច្ចឡើងវិញ ក្នុងគោលបំណងស្វែងរកចំណុចខ្វះខាត ដែលកើតឡើងក្នុងការរៀបចំផែនការរបស់អ្នក ដើម្បីឲ្យការអនុវត្តផែនការអាជីវកម្មមានភាពប្រសើរឡើង៕