ក្រសួងទេសចរណ៍ជំរុញឱ្យអាជីវកម្មសណ្ឋាគារដែលផ្អាករៀបចំបើកដំណើរការឡើងវិញ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ដោយសារតែស្ថានភាពកូវីដ១៩ រាលដាលកាលពីប៉ុន្មានខែមុន ធ្វើឱ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមិនចេញធ្វើដំណើរកម្សាន្ត និងបានធ្វើអាជីវកម្មសណ្ឋាគារនិងផ្ទះសំណាក់ជាច្រើនត្រូវបានបិទ និងផ្អាកដំណើរការ។

រហូតមកដល់ពេលដោយសារតែស្ថានភាពហាក់ប្រសើរឡើងវិញ ធ្វើឱ្យភ្ញៀវក្នុងស្រុកបានដើរកម្សាន្តឡើងវិញ ហើយក៏ជួបការខ្វះខាតកន្លែងស្នាក់នៅ។ ក្រសួងទេសចរណ៍បានជំរុញឱ្យម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់រៀបចំបើកដំណើរការឡើងវិញដើម្បីទទួលភ្ញៀវទេសចរជាពិសេសភ្ញៀវក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្មីៗនេះថា រហូតមកដល់ពេលនេះមានសណ្ឋាគារនិងផ្ទះក៏ដូចជាភោជនីយដ្ឋានដែលបានបិទ ចាប់ផ្ដើមបើកដំណើរការវិញបណ្ដើរៗហើយ ក្នុងនោះមានប្រមាណជាង៣០ភាគរយប៉ុណ្ណោះ។

លោក បានបន្តថា អាជីវកម្មទាំងនោះគួរចាប់ផ្ដើមបើកដំណើរការវិញហើយ តែត្រូវអនុវត្តន៍តាមវិធានការ ការពាររបស់ក្រសួងសុខាភិបាលផង។

លោក បានថ្លែងបន្តថា បទពិសោធន៍កាលពីថ្ងៃឈប់សម្រាកសងនៃបុណ្យចូលឆ្នាំកន្លងទៅនេះ ឃើញថាភ្ញៀវទេសចរក្នុងស្រុកជាច្រើនបានចេញធ្វើដំណើរទៅកាន់រមណីយដ្ឋាននានា តាមបណ្ដាខេត្តហើយក៏ឃើញថាមានការខ្វះខាតបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដូច្នេះហើយវាជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍ តែក្នុងនោះគឺផ្ដោតតែលើទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះ។

លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារ កម្ពុជា បានមានប្រសាសន៍ថា សម្រាប់សណ្ឋាគារដែលមានអតិថិជនគោលដៅជាជនបរទេសមិនគួរទាន់បើកពេលនេះទេ ព្រោះថាពេលនេះមិនមានភ្ញៀវបរទេសចូលមកកម្ពុជាជាអ្នកទេសចរនៅឡើយ គឺមានភ្ញៀវទេសចរក្នុងស្រុក ដូច្នេះសម្រាប់សណ្ឋាគារ ផ្ទះសំណាក់ដែលមានតម្លៃសមរម្យ និងមានអតិថិជនគោលដៅ ជាអ្នកមធ្យម ឬក៏ជាអ្នកក្នុងស្រុកអាចបើកដំណើរការបាន។

លោកស្រីបន្តថា “យើងមិនអាចបើកសណ្ឋាគារសម្រាប់បម្រើសេវាតែក្នុងរយៈពេលប៉ុន្មានថ្ងៃនៃថ្ងៃឈប់សម្រាកនោះបានទេ បើបើកគឺបើករហូតហើយ មិនមែនបើកហើយបិទវិញឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here