ការសិក្សា៖ ចិននឹងក្លាយមហាអំណាចសេដ្ឋកិច្ចលេខ១ លើពិភពលោកនៅឆ្នាំ២០៣២

ដោយ៖ ម៉ាណេត
ប៉េកាំង៖ ចិននឹងយកឈ្នះសហរដ្ឋអាមេរិក ដោយនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោកនៅឆ្នាំ២០៣២ បើទោះភាពតានតឹងជាមួយសហរដ្ឋអាមេរិក នឹងនៅតែបន្តកើនឡើងយ៉ាងណាក៏ដោយ។

នេះបើយោងតាមការព្យាករណ៍របស់មជ្ឈមណ្ឌលស្រាវស្រាវការអភិវឌ្ឍ (DRC) នៃក្រុមប្រឹក្សារដ្ឋចិន មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង។

ការព្យាករណ៍របស់ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល DRC ដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ធ្វើឡើងដោយផ្អែកលើភាពជោគជ័យ នៃយុទ្ធសាស្ត្រអភិវឌ្ឍថ្មីៗរបស់រដ្ឋាភិបាលចិន ដែលបាននិងកំពុងផ្ដោតជាសំខាន់ លើទីផ្សារនៅក្នុងស្រុក ជំរុញកំណើនសេដ្ឋកិច្ច និងការប្រកួតជែងខាងបច្ចេកវិទ្យា និងភូមិសាស្រ្តនយោបាយ ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ព័ត៌មានពី South China Morning Post នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមការព្យាករណ៍ដដែល គ្មានកត្តាអ្វីអាចមកបង្អាក់ដំណើរ នៃកំណើនសេដ្ឋកិច្ចចិនបានឡើយ ដោយចំណែកទីផ្សាររបស់ចិន នៅក្នុងសេដ្ឋកិច្ចសកលនឹងកើនឡើងដល់ ១៨.១ភាគរយនៅក្នុងឆ្នាំ២០២៥ បើធៀបទៅនឹង ១៦.២ភាគរយកាលពីឆ្នាំ២០១៩ ខណៈចំណែក ឬភាគរយនៃសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះ មកនៅត្រឹម ២១.៩ភាគរយនៅឆ្នាំ២០១៥ ធៀបទៅនឹង ២៤.១ភាគរយកាលពីឆ្នាំ២០១៩។ តែទន្ទឹមគ្នាកំណើនសេដ្ឋកិច្ចបែបនេះ នឹងធ្វើឱ្យជម្លោះរវាងចិន និងសហរដ្ឋអាមេរិក នឹងកើនឡើងរឹតតែខ្លាំង នៅរយៈពេល ០៥ឆ្នាំខាងមុខ។

កាលពីខែសីហាកន្លងទៅ លោក ចាស្ទីន លីន យីហ្វុ (Justin Lin Yifu) ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យប៉េកាំង និងជាអតីតប្រធានផ្នែកសេដ្ឋកិច្ច នៃធនាគារពិភពលោក ក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅឆ្នាំ២០៣០។ តែទោះបែបនេះក្ដី ក៏នៅមានមតិជាច្រើនយល់ថា ចិននឹងមិនអាចវ៉ាដាច់ សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ ១ នៅលើពិភពលោកបានឡើយ ប្រសិនបើប្រជាជនចិនវ័យចំណាស់បន្តកើនឡើង ហើយទោះជាចិនធ្វើបានសម្រេចមែន ក៏វាគ្រាន់តែជាការវ៉ាដាច់ នៅរយៈពេលខ្លីប៉ុណ្ណោះ។

ផលិតផលសរុបស្រុក (GDP) របស់ចិនរំពឹងទុកថានឹងមានតម្លៃ ១៤.៤ ទ្រីលានដុល្លារ (១ទ្រីលាន ស្មើ ១,០០០,០០០,០០០,០០០) នៅក្នុងឆ្នាំ២០២០ ខណៈចំណូលប្រចាំឆ្នាំរបស់ប្រជាជនម្នាក់ៗ មាន ៦ ១៩២.៣៩ ដុល្លសារក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន ចិនមានចំនួនប្រជាជនជាង ១.៤៣ ពាន់លាននាក់នៅឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here