កម្ពុជាទាក់ទាញភ្ញៀវជាង១៧ម៉ឺននាក់ ឲ្យចូលទស្សនាពន្លាជាតិនៅទីក្រុងឌូបៃ

ដោយៈគង់ ម៉ាលីនណា

 ឌូបៃៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានឲ្យដឹងថា ពន្លាជាតិរបស់ប្រទេសកម្ពុជា ដែលតាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២០ឌុបៃ សហភាពអារ៉ាប់រួម បានទទួលភ្ញៀវឲ្យចូលទស្សនាចំនួន ១៧៤,០១៨នាក់។

ចំនួនភ្ញៀវទេសចរណ៍ចូលទស្សនានៅថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនារហូតដល់ជាង១ពាន់នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ “ទិវាជាតិកម្ពុជា” នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុបៃ សហភាពអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ លោកប៉ានសូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា បានមានប្រសាសន៍ថា ពន្លាជាតិកម្ពុជាបានសាងសង់យ៉ាងល្អប្រណីតតាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នា នូវសម័យកាលជាប្រវត្តិសាស្រ្តសំខាន់ៗ ចំនួនបួន គឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន។

លោកបន្តថា “ចំណុចសំខាន់ និងធ្វើឱ្យភ្ញៀវអ្នកទស្សនា មានការចាប់អារម្មណ៍ និងកោតសរសើរ គឺកម្ពុជាបាននាំមកនូវរូបសំណាកចម្លងមួយចំនួន ដូចជា ចម្លាក់តោ ឆ្មាំអង្គរ ព្រះវិស្ណុ ព្រះសិវៈ ព្រះបាទជ័យវរ័្មនទី៧ ព្រហ្មបាយ័ន ជាពិសេស ម៉ាកែត អង្គរវត្ត ធ្វើពីស្ពាន់ មករៀបចំតុបតែងក្នុងពន្លាជាតិជូនភ្ញៀវទស្សនាផងដែរ”។

លោកបានបន្តថា ដោយសារចំណុចពិសេសទាំងនេះ ទើបធ្វើឱ្យពន្លាជាតិកម្ពុជា ត្រូវបានគណៈកម្មការជ្រើសរើស ចូលក្នុងបញ្ជីប្រទេសចំនួន៣០ ក្នុងចំណោម១៩០ប្រទេស ដែលបានរៀបចំពន្លាជាតិស្អាតជាងគេ និងមានលក្ខណៈពិសេស ស្របតាមប្រធានបទនៃពិព័រណ៍ សម្រាប់បើកទទួលភ្ញៀវសាកល្បងមុនពេលពិព័រណ៍ពិភពលោក បើកសម្ពោធជាផ្លូវការមួយថ្ងៃ​។

លោករដ្ឋមន្រ្តីបានលើកឡើងទៀតថា ចំពោះអត្ថន័យសំខាន់នៃការសាងសង់ពន្លាជាតិកម្ពុជានេះថា កម្ពុជាគឺជាដែនដីសុវណ្ណភូមិដ៏ចំណាស់មួយនៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាប្រវត្តិសាស្ត្រ តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ កម្ពុជាធ្លាប់មានវប្បធម៌ និងអរិយធម៌រុងរឿង ជាយូរលង់ណាស់មកហើយ តាមរយៈភាពល្បីល្បាញនៃប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ដែលបានទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរណ៍ មកពីទូទាំងពិភពលោកឱ្យទៅទស្សនាកម្ពុជា។

ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិបានអំពាវនាវ និងសូមស្វាគមន៍ចំពោះធុរជន និងវិនិយោគិននានា ដែលចង់ស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងស្វាគមន៍ទេសចរអន្តរជាតិទាំងទ្បាយ ដែលមានបំណងទៅទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលនៅមានឋិតថេរពីបុរាណរហូតមកដល់បច្ចុប្បន្ន។

ការរៀបចំ “ទិវាជាតិកម្ពុជា” នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ តំណាងឱ្យប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិធំៗ ជាង៥០បន្ថែមទៀត។

ក្នុងពិធីនេះ ក៏មានការថ្លែងសុន្ទរកថា អបអរសាទរដោយប្រធានគណៈប្រតិភូប្រទេសទាំងពីរ កម្ពុជា-អារ៉ាប់រួម កម្មវិធីសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ, កម្មវិធីបង្ហាញមុខម្ហូបខ្មែរចំនួន២មុខ គឺអាម៉ុកត្រី និងគុយទាវភ្នំពេញ ដោយចុងភៅកម្ពុជា មកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា វេទិកាជំរុញការវិនិយោគ និងទេសចរណ៍កម្ពុជា និងការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរជូនពិភពលោកបានស្គាល់។

ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ា មានរយៈពេល៦ខែ ហើយបើកចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន១៨២ថ្ងៃ។

ប្រធានបទនៃពិព័រណ៍នេះគឺ ការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន៣ គឺ កាលានុវត្តភាព វឌ្ឍនភាព និងនិរន្តភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here