ធនាគារចិនមួយចុះអនុស្សរណជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីផ្សព្វផ្សាយពីសក្ដានុពលអង្ករកម្ពុជា

ដោយ៖ លក្ខិណា
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចាប់ដៃជាមួយធនាគារចិនមួយ (ហុងកុង) ដើម្បីឱ្យធនាគាររបស់ចិនផ្សព្វផ្សាយពីសក្ដានុពល និងពង្រីកទីផ្សារអង្ករកម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី ៣ នៅចុងឆ្នាំ ២០២០នេះ។

យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី ០៤ កញ្ញា ២០២០នេះ ថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រមួយរបស់ពិព័ណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៣ ធនាគារចិន សាខាងភ្នំពេញ បានយល់ឃើញនិងទទួលស្គាល់សហព័ន្ធស្រូវអង្ករកម្ពុជា ជាសមាគមធុរកិច្ចសំខាន់នៅកម្ពុជា ជាមួយនឹងគុណសម្បត្តិនៃការដែលសហព័ន្ធមានសមាជិកជាច្រើន ជាពិសេសគឺ ក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីនកិនស្រូវដែលជាឱកាសក្នុងការពង្រីកនូវសក្ដានុពលនៃកិច្ចសហការរវាងសមាជិករបស់សហព័ន្ធនិងធនាគារចិន ក៏ដូចជាផ្សព្វផ្សាយបន្ថែមទៅដល់សមាជិកក្នុងការចូលរួម ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ ដើម្បីទទួលបានឱកាសពង្រីកធុរកិច្ច និងពាណិជ្ជកម្មសកលផងដែរ។

ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ គ្រោងនឹងធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ខាងមុខនេះ។ ហើយតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមពីបណ្ដាប្រទេសជាច្រើន ក្នុងនោះ កម្ពុជាក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here