ដោយ: ម៉ាលីស
ភ្នំពេញ: ប្រសិនបើចង់ឈ្នះមិនត្រូវខ្លាចចាញ់ទេ ព្រោះគ្មានអ្នកមានណាម្នាក់ ដែលមិនធ្លាប់បង់លុយនោះទេ មានតែអ្នកក្រប៉ុណ្ណោះ ដែលមិនព្រមខាតលុយ ក្នុងការវិនិយោគទុនសូម្បីតែមួយរៀល។
បញ្ហាពិតប្រាកដមិនមែនលើការភ័យខ្លាចទេ តែនៅលើថាយើងនឹងចាត់ការភាពភ័យខ្លាច ក្នុងការវិនិយោគអចលនទ្រព្យនេះ បានដោយរបៀបណា?។
ខាងក្រោមនេះជាវីធីទាំង៦ចំនុច ដែលចាត់ការនឹងការភ័យខ្លាចលើការវិនិយោគអចលនទ្រព្យ
១. ផ្លាស់ប្ដូរការភ័យខ្លាចជាការរំភើបដោយការសិក្សារកបទពិសោធន៍
យើងត្រូវសិក្សារកបទពិសោធ ដើម្បីបន្ថែមនូវជំនាញក្នុងធុរកិច្ចអចលនទ្រព្យឲ្យពេញទី ជាមុនសិន ។ ពេលមានចំណេះដឹង លើរឿងកំពុងធ្វើយ៉ាងពេញលេញហើយ យើងមានការជឿជាក់រហូតការភ័យខ្លាច ក្លាយទៅជាការរំភើប លើភាពមានបាន។
២. ហ្វឹកហាត់ធ្វើចិត្តឱ្យអព្យាក្រឹត្យ
សាកល្បងមើលការវិនិយោគទុនជាកីឡា ដែលអាចចាញ់ឬឈ្នះបាន។ បើទោះថ្ងៃនេះចាញើ យើងត្រឹមតែចាប់ដៃជាមួយអ្នកឈ្នះ ដោយក្តីរីករាយ ហើយប្រាប់ថាស្អែកជួបគ្នាម្ដងទៀត។ ពេលមាសប្រាក់ជារបស់ក្រៅខ្លួនបាត់បង់ទៅ ក៏អាចរកវិញបាន ព្យាយាមហ្វឹកហាត់ខ្លួនឯងឱ្យមានសេចក្តីសុខដោយមិនប្រកាន់មាំលើលទ្ធផល។
៣. សង្ឃឹមទុកថានឹងត្រូវខកបំណង
រាល់លើកនៃការវិនិយោគទុន យើងអាចកំណត់នូវក្តីសង្ឃឹមបាន តែការកំណត់ដោយសង្ឃឹមថានឹង ត្រូវខកបំណង គឺដើម្បីជាការត្រៀមខ្លួន និងត្រៀមចិត្តឲ្យមានសតិ ថែមទាំងអាចចាត់ការជាមួយនឹងបញ្ហាបាន ប្រកបដោយប្រសិទ្ធភាព ប្រសិនបើគ្រប់យ៉ាង មិនទៅតាមអ្វីដែលបានគិត។
មានតែមនុស្សដឹងមិនពិតប្រាកដប៉ុណ្ណោះ ដែលគិតថាគ្រប់យ៉ាងនឹងដំណើរការទៅតាមអ្វីដែលខ្លួនចង់បាន 100%នោះ។
៤. អភ័យទោសឲ្យខ្លួនឯង
តាមពិតគ្មាននរណាម្នាក់ អាចធ្វើអោយយើងកើតទុក្ខរឺ សប្បាយចិត្តបាន ដូចខ្លួនយើងនោះទេ។ ដូចគ្នានឹងអារម្មណ៍ឈឺចាប់ ពេលត្រូវប្រឈមមុខនឹងការខកបំណង ឬបរាជ័យភាគច្រើន កើតឡើងពីខ្លួនយើង ដែលមានអារម្មណ៍ដោយខ្លួនឯង រិះគន់ខ្លួនឯង បន្ទោសខ្លួនឯង ធ្វើឲ្យខ្លួនឯងនិងមនុស្សជុំវិញក្តៅក្រហាយ ច្រើនជាងកើតឡើងពីពាក្យរិះគន់របស់អ្នកដទៃ។
៥. ជឿជាក់លើខ្លួនឯង
ការធ្វើដំណើរទៅកាន់ភាពមានបានឱ្យបានសម្រេច ផ្នែកមួយដែលសំខាន់គឺ ចិត្តដ៏រឹងមាំនិង នឹងនររបស់យើង ព្រោះនៅតាមផ្លូវយើងអាចជួបនឹងពាក្យវិភាគរិះគន់ការវិនិយោគទុន ពីមនុស្សដែលមិនធ្លាប់វិនិយោគទុនមកពីមុន ដែលត្រៀមរួចជាស្រេច ក្នុងការបំផ្លាញ ប៉មការពារចិត្តរបស់យើងដោយពាក្យសំដីជាច្រើន ដូចជា”អ្នកធ្វើមិនបានទេ” “នៅស្ងៀមៗល្អជាង” កុំអី! ខ្ញុំធ្លាប់ឈឺចាប់រួចមកហើយ” ជាដើម។
ចូរកុំបណ្ដោយឱ្យសំលេងទាំងនោះ មានឥទ្ធិពលមកលើយើង រហូតក្លាយជាអ្នកឈ្នះយើងបានអោយសោះ។
៦. ផ្លាស់ប្ដូរទស្សនៈរឿងការខុសភ្លាត់បរាជ័យជាថ្មី
ធ្វើឲ្យយល់ថា ការខុសភ្លាត់ បរាជ័យ ខាតទុន និងការបាត់បង់មាសប្រាក់ទាំងអស់ ជារឿងដែលយើងមិនអាចចៀសវាងបាន។ នៅក្នុងអំឡុងពេល នៃការធ្វើដំណើរទៅកាន់ភាពមានបាន យើងត្រូវជួបវាយ៉ាងពិតប្រាកដ ដូច្នេះយើងត្រូវហ្វឹកហាត់ចិត្តឲ្យ “រីករាយក្នុងការខុសភ្លាត់” ដើម្បីគោលដៅដែលស្រម៉ៃ ពេលការភ័យខ្លាចបាត់បង់មាសប្រាក់ របស់យើងថតចុះ យើងនឹងមានបាននៅទីបំផុត៕