មហាសេដ្ឋីអចលនទ្រព្យហុងកុង ប្រកាសលក់អគារការិយាល័យថ្លៃបំផុតក្នុងពិភពលោក The Center

ដោយៈសុខុម

ហុងកុង: ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ហុងកុង Shimao Group កំពុងប្រកាសដាក់លក់អចលនទ្រព្យចំនួន២ជាន់ ដែលស្ថិតនៅក្នុងអគារការិយាល័យថ្លៃបំផុតរបស់ពិភពលោក ដើម្បីយកលុយដោះសងបំណុល។

សារព័ត៌មាន South China Morning Post បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៨ មករា ឱ្យដឹងថា លោក Hui Wing Mau ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Shimao Group និងកូនស្រី Hui Mei-mei កំពុងប្រកាសលក់ជាន់ទី៣១ និង៣២ ដែលមានផ្ទៃសរុប៤.៦៤៥ម៉ែត្រការ៉េ ស្ថិតនៅក្នុងអគារការិយាល័យ The Center នៅក្រុងហុងកុង ក្នុងតម្លៃ២០៥លានដុល្លារអាមេរិក។

លោក Hui Wing Mau ដែលនៅចិនដីគោក ឬចិនប៉េកាំង គេស្គាល់ថា Xu Rongmao ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្ស៩នាក់ ដែលបានសហការគ្នា ទិញយកអគារការិយាល័យកម្ពស់៧២ជាន់ ខាងលើនេះកាលពីដើមឆ្នាំ២០១៨ ក្នុងតម្លៃ៥,១៦ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា លោក Hui Wing Mau ដែលបានចំណាយលុយជាង១,០៣ពាន់លានដុល្លារអាមេរិក ទិញយក៩ជាន់នៃ៧៣ជាន់នៅអគារខ្ពស់បំផុតទី៥ នៅក្រុងហុងកុង មួយនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញរឿងនេះ។ ចំណែកឯអ្នកនាំពាក្យក្រុមហ៊ុន Shimao Group ក៏មិនបានឆ្លើយបំភ្លឺនោះដែរជុំវិញរឿងនេះ។

ក្រុមហ៊ុន Shimao កំពុងពឹងផ្អែកយ៉ាងខ្លាំង លើការលក់ចេញទ្រព្យសកម្ម ដើម្បីយកលុយដោះសងបំណុល ដែលដល់ពេលត្រូវសង ដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះសងបំណុលមិនទាន់ពេល។ នេះបើយោងតាមទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទានអាមេរិក Fitch Ratings ដែលបានទម្លាក់កម្រិតឥណទានរបស់ក្រុមហ៊ុន Shimao ពី B មកនៅ BB កាលពីសប្ដាហ៍មុន៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here