ដោយ៖ សុធារី
វៀតណាម៖ ធនាគារពិភពលោក និងរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានចំនួន ២២១,៥ លានដុល្លារ ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិរបស់ខ្លួនក្រោយការរាតត្បាត នៃជំងឺកូវីដ-១៩ ក៏ដូចជាធ្វើកំណែទម្រង់គោលនយោបាយថ្មីផងដែរ។
បើតាមកការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Vietnam News បានឱ្យដឹងថា កម្ចីឥណទាននេះគឺជាប្រតិបត្តិការគាំទ្រថវិកាក្នុង ទម្រង់លក្ខខណ្ឌសម្បទានសម្រាប់រយៈពេល ៣០ឆ្នាំជាមួយនឹងរយៈ ពេលអនុគ្រោះរយៈពេលប្រាំឆ្នាំ។
ការផ្តល់ប្រាក់កម្ចីនេះធនាគារពិភពលោកមានគោលបំណង់ពីរធំៗគឺ ទីមួយគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចដែលរួមបញ្ចូលដោយ ការបន្ថយបន្ទុកពន្ធលើសហគ្រាស ការកែលម្អលទ្ធភាពទទួលបាន ជំនួយហិរញ្ញវត្ថុក្នុងចំណោមក្រុមងាយរងគ្រោះ ការបង្រួមគម្លាតយេនឌ័រនៅកន្លែងធ្វើការ និងការលើកកម្ពស់ការរួមបញ្ចូល ផ្នែកហិរញ្ញវត្ថុ និងទីពីរគឺជួយដល់គោលនយោបាយពាណិជ្ជកម្ម បៃតង ការពន្លឿនការអនុម័តរដ្ឋាភិបាលអេឡិចត្រូនិក និងការពង្រឹង ការទាញយកថាមពលកកើតឡើងវិញ។
ចំពោះមូលហេតុដែលធនាគារពិភពលោកអនុញ្ញារផ្តល់ប្រាក់កម្ចីដល់ ប្រទេសវៀតណាមបែបនេះក៏ដោយសារតែ រដ្ឋាភិបាលវៀតណាម បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះលើការ អនុវត្តកំណែទម្រង់នៃការស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិផងដែរ៕