ដោយ៖ លក្ខិណា
ភ្នំពេញ៖ បើទោះបីជាវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជាជួបប្រទះនឹងបញ្ហាប្រឈម ដោយសារតែការបាត់បង់អ្នកបញ្ជាទិញ បាត់បង់ឱកាសការងារសម្រាប់កម្មករកម្មការិនី តែសម្រាប់ប្រាក់ខែគោលរបស់កម្មករកម្មការិនី នៅក្នុងឆ្នាំ២០២១នៅតែបន្តចរចា ខណៈមន្ត្រីជាន់ខ្ពស់ជំរុញឱ្យការចរចានេះបញ្ចប់នៅមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ។
លោកបណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រី ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ កញ្ញា២០២០នេះ ក្នុងកិច្ចប្រជុំមួយ បានឱ្យដឹងថា ដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ប្រព្រឹត្តិទៅតាមកាលបរិច្ឆេទធម្មតា ប៉ុន្តែដោយសារនៅខែមីនា ឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញផលិតផលចម្បងរបស់ប្រទេសកម្ពុជាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលជាហេតុធ្វើឱ្យការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងរបស់ប្រទេសកម្ពុជាមានការធ្លាក់ចុះ ។
លោកបន្តថាបើទោះបីជាមានការធ្លាក់ចុះនៃការបញ្ជាទិញក្ដី តែលោកជំរុញឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលមុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ ដើម្បីឱ្យកម្មករនិយោជិត ក៏ដូចជាភាគីដែលមានសមាសភាពក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានភាពស្ងប់ចិត្តក្នុងការឈប់សម្រាកនាឱកាសខាងមុខនោះ។
ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាកំណត់យកថ្ងៃទី៩ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ជាពេលវេលាប្រជុំបញ្ចប់ចុងក្រោយសម្រាប់កិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ។ លទ្ធផលប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតសម្រាប់ឆ្នាំ ២០២១នឹងអាចនឹងដឹងច្បាស់នៅថ្ងៃទី១០ ខែកញ្ញា២០២០ខាងមុខនេះ។
កន្លងមកភាគីរោងចក្រដែលមានសមាគមរោងចក្រកាត់ដេរ កម្ពុជា ( GMAC ) ជាតំណាងបានស្នើទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈពន្យារពេលក្នុងការចរចាប្រាក់ខែគោលសម្រាប់ឆ្នាំ ២០២១ ក៏ប៉ុន្តែខាងសហជីពនិងខាងរដ្ឋាភិបាលថាមិនមានអ្វីដែលត្រុវពន្យារពេលចរចានោះទេដូច្នេះដំណើរការចរចានឹងត្រូវប្រព្រឹត្តិទៅដោយរលូនដដែល៕