តើអចលនទ្រព្យប្រភេទណាខ្លះមិនជាប់ពន្ឋមូលធន២០ភាគរយ?

ដោយគង់ ម៉ាលីន

ភ្នំពេញៈ ការចាប់ផ្តើមអនុវត្តន៍ប្រមូលពន្ឋមូលធន២០ភាគរយ នៃអចលនទ្រព្យបានធ្វើឲ្យមានប្រតិកម្មចម្រុះពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំនាញក្នុងវិស័យនេះ ប៉ុន្តែនៅក្នុងដំណើរការនិតិវិធីនេះ អចលនទ្រព្យមួយចំនួនក៏មិនជាប់ពន្ឋមូលធន២០ភាគរយផងដែរ។

យ៉ាងណាក៏ដោយលោកកែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់នៅក្នុង​​កិច្ចសម្ភាសន៍មួយ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការនៃស្ថាប័ននេះបានបញ្ជាក់ឲ្យដឹងថា ​ពន្ធចំណេញមូលធន២០ភាគរយ លើការលក់អចលនវត្ថុនឹងត្រូវប្រមូលតែក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលមិនទទួលបានប្រាក់ចំណេញនោះ នឹងមិនជាប់កាតព្វកិច្ចពន្ធនេះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមានការលើកលែងចំពោះការលក់ឬផ្ទេរទ្រព្យមួយចំនួនដូចជាប្រភេទទ្រព្យដែលជាកម្មសិទ្ធិស្ថាប័នរដ្ឋ ទ្រព្យកម្មសិទ្ធិបេសកកម្មការទូតបរទេស ឬកុងស៊ុលបរទេស និងអង្គការអន្តរជាតិ ឬទីភ្នាក់ងារប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ។លោកបន្តថា  ការអនុវត្តនេះរួមជាមួយនិវាសដ្ឋានដែលជាគោលដើមរបស់អ្នកជាប់ពន្ធដែលបានកាន់កាប់ និងរស់នៅរយៈពេល៥ឆ្នាំ ​ក៏នឹងទទួលបានការលើកលែងពន្ធនេះដែរ ប៉ុន្ដែលើកលែង​​តែសម្រាប់ការលក់អចលនវត្ថុទីមួយប៉ុណ្ណោះ មិនអាចអនុវត្តចំពោះការលក់អចលនវត្ថុទី២ឬទី៣នោះទេ


លោកកែន សម្បត្តិបាបបញ្ជាក់ផងដែរថា ការផ្ទេរអចលនទ្រព្យរវាងសាច់ញាតិដែលមានការលើកលែងនៅក្នុងពន្ធប្រថាប់ត្រា ក៏នឹងទទួលបានការលើកលែងលើពន្ធលើចំណេញមូលធននេះផងដែរ។ ដូចជាការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុកម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយតាបង្កើត និងចៅបង្កើតជាដើម។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុលបានឲ្យដឹងផងដែរថា ការកំណត់យកអត្រាពន្ធថេរ២០ភាគរយលើប្រាក់ចំណេមូលធននេះ មិនមានន័យថា រដ្ឋយកពន្ធ២០ភាគរយពីប្រាក់ចំណេញទាំងមូលនោះទេ ពោលគឺរដ្ឋយកតែ២០ភាគរយនៃតម្លៃអចលនទ្រព្យដែលលក់បាននោះប៉ុណ្ណោះ ដើម្បីយកគណនាគិតពន្ធ២០ភាគរយដែលបានកំណត់ក្នុងច្បាប់។

ឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នងបានក្នុងតម្លៃ១លានដុល្លារ រដ្ឋនឹងយកតម្លៃ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ២០% ដែលបានកំណត់ ដូច្នេះបើអ្នកលក់ផ្ទះនោះបានក្នុងតម្លៃ១លានដុល្លារ នោះអ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ៤ម៉ឺនដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here