ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញពាក់ព័ន្ឋបានធ្វើសេចក្តីព្រាងចំនួន៤ ដើម្បីអមនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានដាក់ចេញ ដើម្បីជួយដល់ការធ្វើអាជីវកម្មតាមអនឡាញ នៅកម្ពុជាមានតម្លាភាព។
សេចក្តីព្រាងចំនួន៤ខាងលើ មានដូចជា ទី១ កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទី២ គោលការណ៍ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត ទី៣ប្រកាសស្តីពីកិច្ចសន្យាមិនសុចរិត និងទី៤ ប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម លោកផាន អូនបានមានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីបិទសិក្ខាសាលា កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២កន្លងមកថា ការរៀបចំឲ្យមានសិក្ខាសាលានេះឡើង ដើម្បីប្រមែប្រមូលមតិយោបល់ពីគ្រប់ជ្រុងជ្រោយ តាមដែលអាចធ្វើទៅបាន ដើម្បីកែលម្អនូវសេចក្តីព្រាងឯកសារសំខាន់ៗ ដែលនឹងត្រូវប្រើជាមធ្យោបាយ សម្រាប់ណែនាំដល់ធុរកិច្ច អាជីវកម្មក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរឡើង។
លោកបន្តថា អ្វីដែលជាចំណុចពិសេស នឹងផ្តោតទៅលើការបង្កើតកម្មវិធីជាតិការពារអ្នកប្រើប្រាស់(NCPP) ដ៏ពេញលេញមួយ ព្រោះថាNCPP គឺជាសក្ខីកម្មបង្ហាញថា កម្ពុជាបានបំពេញនូវអនុសាសន៍ដ៏សំខាន់ និងក៏បានបំពេញតាមគោលការណ៍អន្តរជាតិ នៃការអនុវត្តល្អបំផុត តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពស្តីពី កិច្ចការពារអ្នកប្រើប្រាស់។
កញ្ញាសុខ វណ្ណសិកា នាយកប្រតិបត្តិ នៃការិយាល័យមេធាវីសិដ្ឋាល័យ បានឲ្យដឹងដែរថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានដាក់អនុម័ត និងដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០១៩ ហើយបើយើងប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ាន គឺមិនមែនជារឿងថ្មី ព្រោះគេបានដាក់ចេញនិងប្រើប្រាស់មុនយើងទៀត ញ្ចឹងនៅក្នុងនឹងបានផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ច្រើន។
អ្នកបានបន្តថា របស់ខ្លះក្នុងច្បាប់ទូទៅមានហើយ ប៉ុន្តែសួរថាបើសិនជាធុរធនគាត់ធ្វើខុស ពេលខ្លះអ្នកប្រើប្រាស់គាត់ពិបាក ក្នុងការប្តឹងផ្តល់ ដោយសារប្រៀបធៀបតម្លៃជាមួយតម្លៃ និងពេលវេលាក្នុងការការប្តឹងផ្តល់សឹងតែដូចគ្នា ដែលពេលខ្លះចាត់ទុកថា សឹងតែបោះចោលអញ្ចឹងទៅបានយើងគិតថាច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បង្កើតយន្តការបណ្តឹង ក្រៅប្រព័ន្ធតុលាការ ហើយបង្កើតកាតព្វកិច្ចមួយចំនួនសម្រាប់ធុរជន គឺដើម្បីឲ្យច្បាស់ថា ទោះអត់មានគេប្តឹងឬអត់មានក្តី ក៏ធុរជនប្រកបអាជីវកម្មរបស់គាត់ដោយសុចរិតដែរ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីពេលកន្លងទៅ ធ្វើការអំពាវនាវ ដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ សូមយកចិត្តទុកដាក់អនុវត្តនូវការតព្វកិច្ចទាំងនោះស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយស្ថាប័ន មានសមត្ថកិច្ចនិងអ្នកប្រើប្រាស់ ក្នុងការកសាងសង្គមឲ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកបន្តថា ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ធ្វើសេចក្តីរាយការណ៍ពីធុរជនទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាពមិនសុចរិត ក្នុងធុរកិច្ចមកកាន់ក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា៕