តើនៅពេលអនាគតវិស័យទេសចរណ៍កម្ពុជានឹងវិវត្តន៍ទៅជាយ៉ាងណា?

ដោយ៖ សុផារី

ភ្នំពេញ៖ ទៅថ្ងៃអនាគត ភ្ញៀវទេសចរនឹងវិវត្តន៍ខ្លួនទៅជា ទេសចរឌីជីថល (Digital Tourists) រីឯមូលដ្ឋានអាជីវកម្មដែលបម្រើសេវាកម្មទេសចរណ៍និងបដិសណ្ឋារកិច្ចបាននិងកំពុងវិវត្តន៍ទៅជាអាជីវកម្មទេសចរណ៍ឌីជីថល (Digital Tourism Business) ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងច្រើន ហើយការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ទាំងមូលនឹងត្រូវបានត្រួតពិនិត្យនិងគ្រប់គ្រងដោយ Digital Government ផងដែរ។

តាមរយៈឯកសារ “ទេសចរណ៍ឌីជីថលកម្ពុជា” ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២១ ដោយនាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា អនាគតនៃវិស័យទេសចរណ៍គឺអនឡាញ។ ដោយសារការវិវត្តន៍ទៅមុខនៃវិស័យព័ត៌មានវិទ្យា ក៏ដូចជាការអភិវឌ្ឍឥតឈប់ឈរនៃឧបករណ៍អេឡិចត្រូនិច ការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនឹងពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើវិស័យឌីជីថល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទេសចរណ៍ឌីជីថល ជាដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ដែលប្រើប្រាស់រាល់ឧបករណ៍អេឡិចត្រូនិចដែលអាចភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដើម្បីបង្កើតជាទិន្នន័យ ផ្ទុកទិន្នន័យ និងធ្វើឱ្យមានដំណើរការ ជួយសម្រួលដល់ប្រតិបត្តិការរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍។

តាមរយៈរបាយការណ៍នេះ គេសង្កេតឃើញថាការរីកចំរើននៃវិស័យឌីជីថលបានជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ទៅជា ទេសចរណ៍ឆ្លាតវៃ (Smart Tourism)។ ទេសចរណ៍ឆ្លាតវៃ គឺជាធាតុផ្សំមួយដ៏សំខាន់នៃ Smart City ពីព្រោះទីក្រុងឆ្លាតវៃទាមទារនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិចជាច្រើន ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋងាយស្រួលក្នុងការគ្រប់គ្រងទីក្រុង ចំណែកឯការប្រើប្រាស់ធនធាននានាក៏អាចទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ។ តាមរយៈការវិវត្តន៍ទីក្រុងបែបនេះនឹងអាចជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ បញ្ហាការបំពុលខ្យល់អាកាស ការគ្រប់គ្រងកាកសំណល់ និងអាចជួយសម្រួលការរស់នៅរបស់ប្រជាជនផង និងការធ្វើដំណើររបស់ភ្ញៀវទេសចរផង។

ក្នុងករណីសិក្សារបស់នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុកនិងអប់រំការយល់ដឹងជាសាធារណៈក្នុងឆ្នាំ២០១៩បានបង្ហាញថាភ្ញៀវទេសចរក្នុងស្រុកដែលបានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបបានប្រើប្រាស់បច្ចេកវិទ្យាគួរឱ្យចាប់អារម្មណ៍។ ក្នុងចំណោមអ្នកចូលរួមសរុបចំនួន៤០៥នាក់មានទេសចរប្រហែលពាក់កណ្តាលដែលបានប្រើប្រាស់ផែនទីទេសចរណ៍អេឡិចត្រូនិច(Google maps)។ ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក្នុងដំណើរកម្សាន្តរបស់ពួកគេក៏បានរកឃើញថាមានភាពចាំបាច់ផងដែរ។ ក្រៅពីនោះភ្ញៀវទេសចរបានប្រើប្រាស់វេបសាយកក់បន្ទប់ស្នាក់នៅ បានប្រើប្រាស់ GPS ដើម្បីរកទីតាំង និងបានប្រើប្រាស់អ៊ីនធឺណិតដើម្បីទូទាត់ការចំណាយតាមអេឡិចត្រូនិច(E-payment) ជាដើម។

ឧទាហរណ៍ ក្នុងវិស័យដឹកជញ្ជូន អ្នកដំណើរការទទួលកក់សំបុត្រ ការចេញសំបុត្រ និងការទូទាត់ចំណាយសំបុត្រធ្វើដំណើរនឹងពឹងផ្អែកលើប្រតិបត្តិការអនឡាញទាំងអ្នកផ្តល់សេវាកម្ម និងទាំងអតិថិជនជាអ្នកធ្វើដំណើរ។ ចំពោះការកក់បន្ទប់ស្នាក់នៅវិញក៏នឹងអាចមានលក្ខណៈស្រដៀងគ្នា ដែលមានន័យថាភ្ញៀវទេសចររង់ចាំតែពេលមកដល់សណ្ឋាគាររួចចូលស្នាក់នៅតែប៉ុណ្ណោះ ព្រោះទាំងការកក់បន្ទប់ ការបញ្ចាក់រយៈ ពេល និងប្រភេទបន្ទប់ រួមនឹងការទូទាត់ប្រាក់ស្ទើរតែត្រូវបានរៀបចំរួចជាស្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here