ដោយៈ សុធារី
បាត់ដំបងៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មណ្ឌលហែលទឹកបាត់ដំបងមួយ ឋិតនៅក្នុងបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង ដែលសាងសង់ឡើងដោយថវិកាសប្បុរសជនសរុបប្រមាណ១,៩៦លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីត្រៀមឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) ឆ្នាំ២០២៣ខាងមុខ។
មណ្ឌលហែលទឹកនេះ សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ស ម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានចំណាយពេលសាងសង់ចំនួន២៤ខែ ចាប់ពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១ ចំណាយថវិកាប្រមាណ។
មណ្ឌលហែលទឹកស្តង់ដាអន្តរជាតិនេះ មានបណ្តាយ១១៥ម៉ែត្រ និងទទឹង៦៥ម៉ែត្រ ឋិតនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានគូសបញ្ជាក់ពីគោលបំណង និងបេសកកម្មរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាហែលទឹកកម្ពុជា ជាពិសេសកីឡាហែលទឹកខេត្តបាត់តំបង ដើម្បីឈានឆ្ពោះទៅកាន់ការប្រកួតដណ្តើមមេដាយ លើឆាកអន្តរជាតិ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាដើម្បីស្តារកេរ្តិ៍ឈ្មោះ វិស័យកីឡាហែលទឹកកម្ពុជា ដែលធ្លាប់មានភាពរុងរឿងក្នុងសម័យសង្គមរាស្រ្តនិយម។
លោកទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់ អំពីកាយវិការដ៏ប្រពៃរបស់សប្បុរសជនទាំងឡាយដែលបាន ផ្តល់ថវិកាចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យ មានការរីកចម្រើន ដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងឈានទៅទទួលបានមេដាយជូនជាតិមាតុភូមិ។
សំណង់មណ្ឌលហែលទឹកនេះរួមមាន អាងហែលទឹកមានទទឹង ២៥ម បណ្តោយ៥០ម ជម្រៅ២ម ចែកជា១០ខ្សែបន្ទាត់ អាងលោតទឹកមានទទឹង២០ម បណ្តោយ ២៥ម ជម្រៅ ៤,៥ម អាងហែលទឹក កំដៅសាច់ដុំមានទទឹង១០ម បណ្តោយ១៥ម ជម្រៅ១,៥ម ប៉មលោតទឹកមានកំពស់១០ម ចែកជាថ្នាក់ លោតកម្ពស់១ម ៣ម ៥ម ៧ម និង១០ម អាងរក្សាតុល្យភាពទឹកមានទទឹង១០ម បណ្តោយ១៥ម ជម្រៅ ២,៥ម ទីធ្លាសាធារណៈទំហំ ៣ ១៩៤ ម៉ែត្រការ៉េ សួនច្បារទំហំ ១៣៦ ម៉ែត្រការ៉េ មានប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធបង្ហូរទឹកភ្លៀង និងរបងបេតុងមានចម្រឹងដែក ប្រវែង៣៦០ម៉ែត្រ និងមានទីធ្លាចតរថយន្ត និងទោចក្រយានយន្តទំហំ៧០០ម៉ែត្រការ៉េ។
មណ្ឌលហែលទឹកនេះ មានបំពាក់គ្រឿងឧបករណ៍ទំនើប ស្របតាមស្តង់ដា ដែលកំណត់ដោយសហព័ន្ធហែលទឹកអន្តរជាតិ (FINA) មានសារ:សំខាន់ ដល់ការពង្រឹងវិស័យកីឡាហែលទឹកនៅកម្ពុជា ជាពិសេសខេត្តបាត់ដំបង ក៏ដូចជាផ្តល់ឱកាសឱ្យសិស្ស-និស្សិត ក្នុងខេត្តបាត់ដំបងទាំងមូលចាប់ផ្តើមហ្វឹកហាត់ រៀន ហែលទឹកដោយមានសហព័ន្ធខ្មែរកីឡា ហែលទឹកជួយហ្វឹកហាត់ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២។
បច្ចុប្បន្នកម្ពុជាមានក្លឹបកីឡាហែលទឹកឯកជនចំនួន៨ មានសកម្មភាពមធ្យម និងក្លឹបរបស់ក្រសួងចំនួន៤ រួមមាន៖ ក្លឹបក្រសួងមហាផ្ទៃ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្លឹបក្រសួងព័ត៌មាន ដែលមានសកម្មភាពជាប់លាប់៕