ដោយ៖ សុផារី
ភ្នំពេញ៖ មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់មួយ ទំហំ៨០ហិចតា សម្រេចបាន៨០% នូវអគារមួយខ្នងទំហំ១៥ ០០០ ម៉ែត្រការ៉េ និងជាបណ្តើរៗកំពុងដំណើរការសាងសង់អគារ២បន្ថែមទៀតដើម្បីដាក់ឱ្យបម្រើការស្តុកផ្លែឈើ លាងសំអាត វេចខ្ចប់ និងដឹកជញ្ជូនទៅកាន់ផែក្រុងព្រះសីហនុ។
មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយធ្វើការបែងចែកជាអគាររដ្ឋបាល ផ្ទះកម្មករ ទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារពិពណ៌កសិផល កន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ (ម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ) សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន និងដូង។ល។
នៅពេលចាប់ផ្តើមដំណើរការមជ្ឈមណ្ឌលត្រូវការកម្មករ៣០០នាក់ ហើយនៅពេលដំណើរពេញសមត្ថភាពមជ្ឈមណ្ឌលត្រូវការ៣០០០នាក់។
ក្នុងឱកាសពិនិត្យសួនឧស្សាហកម្មកសិកម្មហ៊ុង ថៃ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ លោក វេង សាខុន បានលើកឡើងថា ការកសាងមជ្ឈមណ្ឌលនេះឡើងដើម្បីបម្រើឱ្យវិស័យកសិឧស្សាហកម្មជារួម និងដោយឡែកផ្លែឈើតំបន់ត្រូពិច (Tropical Friuts) ដែលកសិករកម្ពុជាកំពុងមានក្នុងដៃជាអាទិ៍ ស្វាយកែវរមៀត ស្វាយចន្ទី មានម៉ៃលិន ដូងក្រអូប ស្រការនាគ ខ្មុរ ចេកអំបូងលឿង និងក្រូចថ្លុង។ល។
លោកបញ្ជាក់ថា មជ្ឈមណ្ឌលនេះប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឱ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មផ្លែឈើ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនប្រាក់ ចំណូល និងរក្សានិរន្តរភាពផលិតកម្មផ្លែឈើ ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
មួយវិញទៀត មជ្ឈមណ្ឌលដែលបាននិងកំពុងដំណើរការសាងសង់នេះ គឺពិតជានឹងចូលរួមបំពេញបន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។ សមិទ្ធផលដែលក្រុមហ៊ុន ហ៊ុន ទី សម្រេចបាន គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់ បែបយ៉ាងពីគ្រប់ភាពគីពាក់ព័ន្ធ និងជាពិសេសភាគីចិន។
លោកសង្ឃឹមនិងជឿជាក់ថាមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា នេះ គឺជាជំហានចាប់ផ្តើមបើកផ្លូវឱ្យកសិផលហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មផ្លែឈើត្រូពិចនឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងមានទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនថែមទៀត បង្កើតការងារ និងប្រាក់ចំណូល។ល៕