រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈមានវឌ្ឍនភាពល្អប្រសើរ ទោះបីមានវិបត្តិកូវីដ១៩ក៏ដោយ

ដោយ៖ សុផារី

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជារួម មានវឌ្ឍនភាពល្អប្រសើរ ទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិកូវីដ១៩ក៏ដោយ។ នេះបើតាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈរបាយការណ៍នេះ ការប្រមូលចំណូលសរុប ក្នុងរយៈពេល៩ខែ បានប្រមាណ ១៥ ៨៩៥ ប៊ីលានរៀល ស្មើនឹង៧៥% ធៀបនឹងច្បាប់ ដែលវឌ្ឍនភាពនៃការប្រមូលចំណូលនេះ ជាកំណើនដែលងើបឡើងវិញ និងល្អប្រសើរបើធៀប នឹងការអនុវត្តនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ចំណែកការអនុវត្តចំណាយ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ ជាចម្បងលើវិស័យសង្គមកិច្ច ដែលការចំណាយលើវិស័យនេះ អនុវត្តបានប្រមាណ៩៨% ធៀបនឹងច្បាប់ បើគិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១ និងរំពឹងថាការអនុវត្តចំណាយរដ្ឋសរុបប្រចាំឆ្នាំ អាចនឹងសម្រេចបានក្នុងកម្រិតប៉ាន់ស្មាន១០៨,៧% ធៀបនឹងច្បាប់។

លោកបានលើកឡើងពីយុទ្ធសាស្ត្រចំនួន២របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩គឺ៖


ទី១៖ យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និង
ទី២៖ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ឆ្នាំ២០២១-២០២៣ តាមរយៈការផ្តល់អាទិភាព ទៅលើចំណុចចំនួន៣ដែលរួមមាន ការស្តារឡើងវិញនូវវិស័យដែលរងការប៉ះពាល់ខ្លាំង ការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ និង ការកសាងភាពធន់ដើម្បីត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ។

លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការគៀរគររកធនធានបន្ថែមតាមរយៈ៖
១៖ ការបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការជួយគាំទ្រទាំងផ្នែកធនធាន និងហិរញ្ញប្បទាន
២៖ លទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគៀរគរចំណូល តាមរយៈយន្តការបោះផ្សាយមូលបត្ររដ្ឋ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន សម្រាប់រយៈពេលមធ្យម និងវែង និងកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ ក្នុងការជំរុញឲ្យមានការចូលរួម ពីវិស័យធនាគារដើម្បីធានាបាននូវសន្ននីយភាព (liquidity) ដោយផ្អែកលើអភិក្រមប្រុងប្រយ័ត្នខ្ពស់ លើការផ្តល់ហិរញ្ញប្បទាន ដល់សកម្មភាពអាជីវកម្ម និងកិច្ចការធុរកិច្ចក្នុងវិស័យអាទិភាព ដើម្បីធានានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងរូបិយបណ្ណជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here