ជប៉ុន នឹងបើកព្រំដែនសេដ្ឋកិច្ចជាមួយកម្ពុជា និងប្រទេសមួយចំនួននៅក្នុងតំបន់ចាប់ពីសប្ដាហ៍ក្រោយនេះទៅ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន និងតៃវ៉ាន់បានព្រមព្រៀងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ជនបរទេសដែលទើបមកដល់ថ្មីៗ និងអ្នកស្នាក់នៅរយៈពេលវែង (long-term residents) ផ្សេងទៀតចាប់ពីថ្ងៃទី៨ ខែកញ្ញា សប្ដាហ៍ក្រោយនេះ ដោយបន្ធូរបន្ថយការរឹតត្បិត ដែលបណ្តាលមកពី COVID-19។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ។

ប្រទេសជប៉ុន ក៏បានព្រមព្រៀងជាមួយប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដើម្បីបន្តធ្វើដំណើរតាមជើងហោះហើរសម្រាប់អ្នកស្នាក់នៅរយៈពេលវែងចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយពួកគេត្រូវបានគោរពតាមវិធានការការពារ ដោយស្នាក់នៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ បន្ទាប់ពីការមកដល់។
ប្រទេសទាំង៤នេះ និងកោះតៃវ៉ាន់ ស្ថិតក្នុងចំណោមប្រទេសចំនួន១៦ ដែលប្រទេសជប៉ុនបានចាប់ផ្តើមពិភាក្សា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់ប្រជាជនរស់នៅរយៈពេលវែង ដូចជាជនបរទេស និងអ្នកដែលធ្វើដំណើរអាជីវកម្មរយៈពេលខ្លី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងការបរទេស លោក Toshimitsu Motegi បានថ្លែងប្រាប់សន្និសីទកាសែតថា “ប្រទេសជប៉ុនសង្ឃឹមថានឹងការពារការរីករាលដាលនៃជំងឺ COVID-19 និងស្តារសកម្មភាពអាជីវកម្មឡើងវិញ”។
លោក Motegi មានប្រសាសន៍ថា “តាមរយៈការបន្ធូរបន្ថយ (ការរឹតត្បិត និងសកម្មភាពផ្សេងៗ) ក្រុមហ៊ុនបរទេសនៅក្នុងប្រទេសជប៉ុនត្រូវបានរំពឹងថានឹងងើបឡើងវិញ ខណៈពេលដែលគម្រោងវិនិយោគដែលត្រូវបានរាំងស្ទះ (ដោយជំងឺរាតត្បាត) នឹងត្រូវបានលើកកម្ពស់”។

បច្ចុប្បន្ននេះ ប្រទេសជប៉ុនបានបដិសេធជាគោលការណ៍ចំពោះការចូលរបស់ជនបរទេស ដែលមកពីប្រទេស និងតំបន់ចំនួន ១៥៩ ក្នុងនោះមានសហរដ្ឋអាមេរិក ចិន និងប្រទេសអឺរ៉ុបទាំងអស់។
លោក Motegi បានធ្វើដំណើរមកប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា កាលពីខែសីហា ហើយបានយល់ព្រមចាប់ផ្តើមការធ្វើដំណើរឡើងវិញ សម្រាប់ជនបរទេសស្នាក់នៅរយៈពេលវែងនៅដើមខែកញ្ញា។ ដំណើរការបន្តសម្រាប់អ្នកស្នាក់នៅរយៈពេលវែង បានចាប់ផ្តើមរួចហើយសម្រាប់អ្នកមកពីប្រទេសថៃ និងវៀតណាម។

លោក Motegi បាននិយាយថា នៅពេលជប៉ុនដាក់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាអាទិភាពរបស់ខ្លួន ខ្លួននឹងអនុវត្តគោលនយោបាយដើម្បីចាប់ផ្តើមការធ្វើដំណើរជាថ្មីជាមួយជនបរទេស និងអ្នកស្នាក់នៅរយៈពេលវែងផ្សេងទៀត ក្នុងនោះក៏មានអ្នកដែលធ្វើដំណើរអាជីវកម្មរយៈពេលខ្លីផងដែរ។
លោកបាននិយាយថា បន្ទាប់មកប្រទេសជប៉ុននឹងស្វែងរកការបើកព្រំដែនសម្រាប់និស្សិតបរទេស ហើយចុងក្រោយគឺសម្រាប់ភ្ញៀវទេសចរ។
ជនបរទេស ដែលមានសិទ្ធិស្នាក់នៅក្នុងប្រទេសជប៉ុនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវិញចាប់ពីថ្ងៃអង្គារនេះ បន្ទាប់ពីមានការអំពាវនាវពីសហគមន៍ជនបរទេសថា កុំឱ្យមានការរើសអើង។

ទោះយ៉ាងណាក៏ដោយពួកគេត្រូវធ្វើតេស្តរកជំងឺCOVID-19 ក្នុងរយៈពេល ៧២ ម៉ោង មុនពេលចេញដំណើរទៅប្រទេសជប៉ុន ហើយត្រូវដាក់ឱ្យដាច់ដោយឡែករយៈពេល ២ សប្តាហ៍ ក្រោយពេលមកដល់៕ BangkokPost

LEAVE A REPLY

Please enter your comment!
Please enter your name here