ដោយ សុខុម
ញូវយ៉ក: ជើងហោះហើរជាង២.០០០ជើងបន្ថែមទៀតត្រូវបានលុបចោលកាលពីថ្ងៃច័ន្ទ ទី២៧ ធ្នូ នៅពេលករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងខ្លាំងនៅជុំវិញពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ធ្នូ។
យោងតាមក្រុមហ៊ុនផ្ដល់ទិន្នន័យអំពីការហោះហើរអាមេរិក FlightAware ឱ្យដឹងថា ក្នុងចំណោមជើងហោះហើរជិត២.២០០ជើងដែលត្រូវបានលុបចោល មានជាង៧០០ជើងហោះហើរខាងក្នុង និងចេញចូលសហរដ្ឋអាមេរិក ហើយជើងហោះហើរជាង៣.០០០ជើងទៀតត្រូវបានពន្យារពេល។
នៅទូទាំងពិភពលោក ក្រុមហ៊ុនអាកាសចរណ៍នានាបានលុបចោលជើងហោះហើរជាង៦.០០០ជើងនៅមួយថ្ងៃមុនបុណ្យអូណែល (Christmas Eve) នៅថ្ងៃបុណ្យណូអែល និងមួយថ្ងៃក្រោយបុណ្យណូអែល។ នៅសហរដ្ឋអាមេរិក ជើងហោះហើរជាង១.២០០ជើងត្រូវបានលុបចោល ហើយជាង៥.០០០ជើងត្រូវបានពន្យារពេលគ្រាន់តែថ្ងៃអាទិត្យកន្លងទៅ នៅពេលក្រុមបុគ្គលិក និងអាកាសយានិកសុំច្បាប់សម្រាកឈឺ។
ការលុបចោលជើងហោះហើរទាំងនេះ ធ្វើឡើងចំពេលមមាញឹកបំផុតប្រចាំឆ្នាំសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ រដ្ឋបាលសន្តិសុខដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និយាយថា ខ្លួនបានត្រួតពិនិត្យមនុស្សរាប់លាននាក់ក្នុងមួយថ្ងៃៗកាលពីចុងសប្ដាហ៍កន្លងទៅ ដោយចំនួនអ្នកធ្វើដំណើរបានកើនឡើងខ្ពស់បំផុតរហូតដល់២,១៩លាននាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ។ កាលពីថ្ងៃពុធ ទី២២ ធ្នូ មនុស្សកាន់តែច្រើនបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ TSA គឺច្រើនជាងនៅថ្ងៃតែមួយក្នុងឆ្នាំ២០១៩ ទៅទៀត។
ការធ្វើដំណើរតាមផ្លូវអាកាសកាលពីថ្ងៃសៅរ៍ ទី២៥ ធ្នូ មានភាពយឺតយ៉ាវបន្តិច ដោយសារការលុបចោលជើងហោះហើរ ដោយមានមនុស្សជាង១,៥៣លាននាក់បានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខកាលពីថ្ងៃសៅរ៍។
ក្រុមហ៊ុនអាកាសចរណ៍ United Airlines (UAL) បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនត្រូវលុបចោលជើងហោះហើររាប់រយជើងដោយសារមានសមាជិកអាកាសយានិកមិនគ្រប់គ្រាន់ ដើម្បីហោះហើរដោយសុវត្ថិភាព៕