ដោយៈលក្ខិណា
ភ្នំពេញៈ ដោយសារតែប្រជាជនកម្ពុជាភាគច្រើន មិនសូវមានចំណេះដឹងហិរញ្ញវត្ថុ ការខ្ចីប្រាក់ពីធនាគារនិងហិរញ្ញវត្ថុ ក៏មិនសូវបានគិតវែងឆ្ងាយនោះដែរ ធ្វើយ៉ាងណាឱ្យតែកម្ចីមកប្រើប្រាស់ បំពេញតម្រូវការរបស់ខ្លួន។
ថ្ងៃនេះយើងនឹងលើកយកពីលក្ខខណ្ឌមួយចំនួន សម្រាប់ពិចារណាមុននឹងសម្រេចប្រើប្រាស់ កម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។
១. កំរៃសេវាផ្នែកច្បាប់ ឬមេធាវី
ជាទូទៅការខ្ចីទំហំណាមួយមិនប្រាក់ថា បានមកទាំងអស់នោះទេ គឺតែងតែបាត់មួយចំណែក ។ ឧទាហរណ៍ថាខ្ចី៥០០០ដុល្លារ មន្ត្រីឥណទានយកមកប្រគល់ មិនបាន៥០០០ដុល្លារពេញនោះទេ គឺត្រូវការកាត់កម្រៃសេវាមួយចំនួនសម្រាប់រត់ការ ក្នុងការធ្វើលិខិតស្នាមមុននឹងទទួលបានប្រាក់។
២. ការប្រែប្រួលនៃអត្រាការប្រាក់
ស្ថាប័នហិរញ្ញវត្ថុមួយចំនួន អាចនឹងមានការប្រែប្រួល អត្រាការប្រាក់ទៅតាមស្ថានភាពសេដ្ឋកិច្ចសកល។ មុននឹងខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុណាមួយគួរតែសួរ ពីអត្រាការប្រាក់ឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងមានបញ្ហានៅពេលក្រោយ។
៣. ការពិន័យលើការបង់សងយឺតយ៉ាវ
ក្នុងករណីអ្នកបង់ប្រាក់មិនបានទាន់ពេល តើធនាគារមានលក្ខខណ្ឌពិន័យបែបណា ? ចំណុចនេះ ក៏គួរតែសិក្សាស្វែងយល និងសាកសួរទៅមន្ត្រី ឥណទានឱ្យបានច្បាស់លាស់ផងដែរ ដើម្បីកុំឱ្យមានការជជែកវែកញែកច្រើននៅពេលមានការបង់យឺតយ៉ាវ។
៤. រយៈពេលនៃការជូនដំណឹង និងការពិន័យលើការបង់សងផ្ដាច់មុនកាលកំណត់ ព្រោះអ្នកអាចនឹងបង់សងផ្ដាច់បំណុល មុនកាលកំណត់ក្នុងកំឡុងពេលណាមួយ ។
៥. លក្ខខណ្ឌនៃការសងប្រាក់ដើមមួយផ្នែក ឬសងប្រាក់ដើមខ្លះក្នុងចំនួនណាមួយ តើមានការពិន័យដែរឬទេ ?។
៦. រយៈពេលនៃការដកប័ណ្ណកម្មសិទ្ធិបន្ទាប់ពីអ្នកសងបំណុលរួច
នៅពេលអ្នកដឹងអំពីលក្ខខណ្ឌទាំងអស់នេះ ហើយអ្នកនឹងអាចមានភាពងាយស្រួល ក្នុងការសម្រេចថាយកកម្ចី ពីស្ថាប័ននោះ ឬក៏ស្វែងរកស្ថាប័នផ្សេងទៀត ដែលមានលក្ខខណ្ឌងាយស្រួលជាងនេះ៕