ដោយ: ម៉ាលីស
ភ្នំពេញៈ អាជីវកម្មពីរ៉ាមីដ (Pyramid Scheme) គឺជាការគំរូអាជីវកម្មបោកប្រាស់មួយដែលជាទូទៅ សមាជិករបស់ក្រុមហ៊ុនអាចរកលុយបាន ដោយស្វែងរកមនុស្ស មកបន្ថែមចូលជាតំណាងចែកចាយ ឬជាសមាជិកក្រុមហ៊ុន។
សមាជិកដែលចូលមកក្នុងបណ្តាញទាំងនេះ តម្រូវឱ្យមានដើមទុនក្នុងការចំណាយលើថ្លៃចូលជាសមាជិក ឬស្ដុកទុកផលិតផល។ បន្ទាប់មក ពួកគេ ត្រូវបានលើកទឹកចិត្តដោយថ្នាក់លើ ឬ Team Leader (upline)ឱ្យកៀរគរមនុស្ស ដើម្បីមកធ្វើជាតំណាងចែកចាយ ឬជាសមាជិកបន្ត ដោយសន្យាថា ពួកគេនឹងទទួលបានប្រាក់ខ្លះ (កម្រៃឬភាគរយ) ពេលដែលសមាជិកថ្មីចំណាយលុយ ខណៈដែលថ្នាក់លើក៏ទទួលបានភាគរយផងដែរ។
នេះមានន័យថា ភាគច្រើនអាជីវកម្មពីរ៉ាមីដ ជាប្រព័ន្ឋអាជីវកម្មពឹងផ្អែកលើប្រាក់ចំណេញ ពីថ្លៃដែលចូលជាសមាជិកថ្មី ជាជាងការលក់ដល់អតិថិជនចុងក្រោយ ហើយក្រុមហ៊ុនទាំងនេះ កម្រនឹងមានការលក់ទំនិញច្រើន ឬជាក្រុមហ៊ុនលក់ទំនិញ ដែលមានតម្លៃខ្ពស់ខ្លាំងជាងតម្លៃពិត (intrinsic value)។
គួរបញ្ជាក់ផងដែរថា អាជីវកម្មពីរ៉ាមីដ នេះគឺខុសច្បាប់នៅក្នុងប្រទេសមួយចំនួន។
ជាធម្មតា ក្រុមហ៊ុនព្យាយាមធានាដល់អ្នកចូលរួមជាសមាជិកថា ក្រុមហ៊ុនគឺជាអាជីវកម្មស្របច្បាប់ ជាមួយនឹងការអះអាងដ៏ថា ផលិតផលរបស់ពួកគេ គឺជាផលិតផលមួយដែលល្អបំផុត ព្រមទាំងមានការស្រាវជ្រាវរូបមន្តច្បាស់លាស់ និងទទួលបានរង្វាន់ជាច្រើន ជាពិសេសជាផលិតផល ដែលមានសមត្ថភាពមិនគួរឱ្យជឿ ដូចជា ជួយអ្នកសម្រកទម្ងន់យ៉ាងឆាប់រហ័ស ឬព្យាបាលជំងឺ១០០មុខ ឬសូម្បីតែតារាល្បីៗ ក៏ប្រើប្រាស់ផលិតផលនេះដែរ។
ជារឿយៗ សមាជិកចាស់ៗ តែងត្រូវបានលើកទឹកចិត្តឱ្យផ្សព្វផ្សាយពីបទពិសោធន៍ល្អៗ បើទោះបីជាពួកគេមិនទាន់ បានប្រាក់ចំណេញមកវិញក៏ដោយ ដើម្បីឱ្យអ្នកផ្សេងទៀតដូចជាគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ ធ្វើគំរូតាម។ នៅពេលក្រុមហ៊ុនកាន់តែធំ និងមានសមាជិកច្រើន នោះសមាជិកថ្មីស្ទើរតែមិនអាចរកលុយបានទាល់តែសោះ ហើយខាតបង់លុយ ដែលពួកគេចំណាយចូលជាសមាជិក ឬផលិតផលដែលពួកគេស្តុកទុក មិនអាចប្ដូរវិញបានឡើយ។
ជាញឹកញាប់ ជនរងគ្រោះតែងតែមានការខ្មាស់អៀន ហើយនៅស្ងៀម មិនប្រកែក ឬប្ដឹងផ្ដល់អ្វីឡើយ។ មិនតែប៉ុណ្ណោះ នៅពេលដែលសមាជិកថ្មីរកលុយមិនបានច្រើន ដូចដែលរំពឹងទុក ពួកគេមានទំនោរបន្ទោសខ្លួនឯងជាជាងក្រុមហ៊ុន ព្រោះពួកគេគិតថា ពួកគេមិនមានភាពសមត្ថភាពគ្រប់គ្រាន់ដើម្បីរកប្រាក់ចំណេញ។
ជនរងគ្រោះខ្លះទៀត ក៏បន្តព្យាយាមចំណាយបន្ថែមលើផលិតផលថ្មីជាដើម ហើយបានខាតបង់ប្រាក់កាន់តែច្រើនទៀតផង។